ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុន

នៅថ្ងៃទី ២៤ កុម្ភះ ឆ្នាំ ២០២៣ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសបេក្ខជន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំតំបន់សេនដៃ ប្រទេសជប៉ុនចំនួន១៤រូប (ខ្មែរ៧ រូប និងជប៉ុន៧រូប)សម្រាប់ អាណត្តិទី១ លើកទី១ ក្រោមអធិបតី  ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្រធានគណកម្មាធិការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងការិយាល័យសភាពាណិជ្ជកម្មនៅសេនដៃប្រទេសជប៉ុន ព្រមទាំង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា  ជាអនុប្រធានគណកម្មាធិការខាងលើ។ ជាភ្ញៀវកិត្តិយសក្នុងពិធីបោះឆ្នោតនេះ មានលោក Susumo Tai កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅសេនដៃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាប្រធានក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនកម្ពុជា និងភ្ញៀវកិត្តិយសនានា សរុបចំនួន ៧០ នាក់ ក្នុងចំនួននេះមានក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនជប៉ុនចំនួន៣៨ នាក់ ដែលមានសិទ្ធិបោះឆ្នោត។

ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងអំពីចំណុចសំខាន់មួយចំនួន មានដូចខាងក្រោមៈ

•  ចំណងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន បានកើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣ និងត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសទាំងពីរដែល កំពុងបន្តធ្វើអោយកាន់តែស៊ីជម្រៅបន្ថែមទៀត ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម នាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។

-ឆ្នាំ២០២២ កន្លងទៅនេះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសបានជួបគ្នាចំនួន៤ លើក គឺ ឯកឧត្តម គីស្ហ៊ីដា បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ២លើក  ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមនៅជប៉ុន ២លើក។

•  ទំហំនៃការលូតលាស់ និងជម្រៅនៃកិច្ចសហប្រតិបត្តិការ បានតម្លើងពីភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៅឆ្នាំនេះ ២០២៣ ដែលជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

•  ផ្នែកសេដ្ឋកិច្ច ជាមួយជប៉ុន ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី ៩០៥ លានដុល្លារ នៅឆ្នាំ២០១៤ ទៅ ២,០១០លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ និងទោះជារងផលប៉ះពាល់ដោយកូវីដ ១៩ កម្ពុជាជប៉ុនបន្តរក្សាបានទំហំពាណិជ្ជកម្មប្រមាណ ២,៤៥៤ លានដុល្លារឆ្នាំ ២០២២ ដែលក្នុងនោះការនាំចូលពីកម្ពុជាមានទឹកប្រាក់ ១,៩៣៩ លានដុល្លារ និងការនាំចេញទៅកម្ពុជាមានទឹកប្រាក់ ៥១៥ លានដុល្លារ។

-ក្រៅពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលកម្ពុជាមាន យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា ដែលភារកិច្ចសំខាន់គឺ (១) ការជំរុញការនាំចេញពីកម្ពុជា មកជប៉ុន (២)ទាក់ទាញការវិនិយោគទុនពីជប៉ុនទៅកម្ពុជា (៣)លើកកម្ពស់ការធ្វើទេសចរជប៉ុនទៅកម្ពុជា និង (៤) ផ្លាស់ប្តូរវប្បធម៌ និងកីឡាទៅវិញទៅមក។

-ស្ថានទូតឯកអគ្គរាជទូតកម្ពុជា បានរួមចំណែក ជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដោយបានសហការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន កម្ពុជា នៅបណ្តាខេត្តក្រុងសំខាន់ៗរបស់ជប៉ុន ក្នុងនោះឆ្នាំ ២០២២ បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន កម្ពុជាទី១ នៅក្រុង Atsugi ខេត្ត Kanagawa និងនៅពេលនេះ បានចូលរួមជាភ្ញៀវកិត្តិយសក្នងការរៀបចំ ការបោះឆ្នោត ជ្រើសរើសគណៈគ្រប់គ្រងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន អាណត្តិ១ ដែលជាស្ថាប័នឯកជន ២ផ្សេងគ្នា តែមានមុខងារជំរុញការទូតសេដ្ឋកិច្ចកម្ពុជានៅក្រៅប្រទេសដូចគ្នា។

ក្នុងឱកាសនោះ ឯកឧត្ដម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរំលឹកអំពីសារប័ន្ន នៃការកើត ការិយាល័យសភាពាណិជ្ជកម្មនៅជប៉ុន ការរៀបចំនីតិវិធី បែបបទ និងក្រុមការងារ ដើម្បីដំណើរការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅជប៉ុន, បទបញ្ជាផ្ទៃក្នុងពិសេសសម្រាប់តែការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ដែលត្រូវបានបង្កើតដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃ ២២ ខែ ០២ ឆ្នាំ ២០២២។ សមាសភាពអ្នកឈរឈ្មោះបោះឆ្នោតមាន ១៤រូប ( ៧ ក្រុមហ៊ុនខ្មែរ និង ៧ក្រុមហ៊ុនជប៉ុន) ។ មុនការបោះឆ្នោត បេក្ជជនទាំង១៤រូបបានរៀបរាប់សង្ខេបអំពីសកម្មភាពក្រុមហ៊ុន របស់ខ្លួននិងអ្វីដែលអាចធ្វើបានប្រសិនជាប់ឆ្នោតក្នុងគណៈកម្មាធិការគ្រប់គ្រងការិតំណាងសភាពាណិជ្ជកម្ម។ បន្ទាប់មក បានដំណើរការបោះឆ្នោតជាកញ្ចប់ ដោយ អ្នកឈរទាំង១៤រូប (ប្រធាន ១រូប អនុប្រធាន ៤ រូប សមាជិក ៩រូប) បានជាប់ឆ្នោតជាគណៈគ្រប់គ្រងការិតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំសេនដៃ អណត្តិទី១ លើកទី១ ចាប់ពីពេលនេះតទៅ៕

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *