ស្ថានឯកអគ្គរាជទូតកម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣

ស្ថានឯកអគ្គរាជទូតកម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មាធិការពិព័រណ៍កម្ពុជា២០២៣ សហគមន៍ខ្មែរ និងសមាគមន៍និស្សិតខ្មែរ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ។ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី Mina Mino Yoko ទូតសុឆន្ទៈសម្រាប់ខួបទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា រួមទាំងតំណាងក្រសួងទេសចរណ៍កម្ពុជា និងតំណាងសហគមន៍ខ្មែរក្នុងប្រទេសជប៉ុន ត្រូវបានអញ្ជើញថ្លែងសន្ទរកថាអបអរសាទរ និងកាត់ខ្សែបូរបើកក្នុងពិធីនេះផងដែរ។ ទន្ទឹមនេះ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដា ប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញ ចូលរួមក្នុងពិធីបើកពិពរណ៍កម្ពុជាផងដែរ។ មានស្តង់ចំនួន ៨១ បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ និងជប៉ុន ក្នុងនោះក៏មានការដាក់ តាំងបង្ហាញនូវផលិតផល នឹងមុខម្ហូមរបស់ខ្មែរមួយចំនួន ព្រមទាំងមានការរាំរបាំបុរាណខ្មែរ ការបង្ហាញម៉ូតសម្លៀកបំពាក់ធ្វើពីក្រម៉ា និងការប្រគំតន្ត្រីខ្មែរ ព្រមទាំងមានតារាចម្រៀងមកពីប្រទេសកម្ពុជា និងតារាចម្រៀងជប៉ុនចំនួន ៤ក្រុម ហើយជាពិសេស លោកស្រី មីណាមីណុ យ៉ូកូ ទូតសុឆន្ទៈ សម្រាប់ខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន ក៏បានផ្តល់កិត្តិយសច្រៀងបទ «ឥន្ទនូរសម្រាប់ថ្ងៃស្អែក» ជាបទពិសេស ដើម្បីមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី បានមានប្រសាសន៍ថា ពិព័រណ៍កម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ បុរាណសម័យ ការផ្សព្វផ្សាយពីទេសចរណ៍ ការតាំងផលិតផល ព្រមទាំងបង្ហាញមុខម្ហូបខ្មែរជូនមិត្តជប៉ុន និងមិត្តបរទេសផ្សេងទៀតបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ក៏ដូចជាលើកទឺកចិត្តពួកគាត់អញ្ជើញទៅ ទស្សនាប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ឯកឧត្តម ទុយ រី បានគូសបញ្ជាក់ថា ពិព័រណ៍កម្ពុជា គឺជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការគាំទ្រពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ពិព័រណ៍កម្ពុជាមិនត្រឹមតែបានរួមចំណែកក្នុងការផ្លាស់ប្តូរវប្បធម៌ និងជាការតភ្ជាប់រវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍នៃការចូលរួមអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដ៏យូរអង្វែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរ ដែលប្រមុខរដ្ឋនៃប្រទេសទាំង២ បានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះផងដែរ។ ពិពរណ៍កម្ពុជា២០២៣ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយររីករាយជាទីបំផុត ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលមានចំនួនប្រហែលជាងពីរម៉ឺនាក់នៅថ្ងៃដំបូងនេះ។ ជាចុងបញ្ចប់ ឯកឧត្ដម ទុយ រី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាការតាំងពិព័រណ៍កម្ពុជា ឆ្នាំ២០២៣នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះសមាជិកគណៈកម្មាធិការពិព័រណ៍កម្ពុជា ដៃគូរសហការឧបត្ថម្ភនានា សិល្បៈករ សិល្បៈការិនី និងក្រុម ការងារស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកជួយរៀបចំ និងញាំងកម្មវិធីនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាទីមោទនៈ។

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង៣០ នាទី ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិពរណ៍ពិពរណ៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទពិពរណ៍កម្ពុជា ដែលបានប្រព្រឹត្តទៅនៅ Yoyogi Park ក្នុងទីក្រុងតូក្យូ។ ក្នុងពិធីនេះ ឯកឧត្តម ឯកអគ្គរាជទូត បានប្រគល់ជូនបណ្ណថ្លែងអំណរគុណដល់ក្រុមរបាំបុរាណ ក្រុមរបាំប្រពៃណី ក្រុមតារាចម្រៀងខ្មែរ និងក្រុមតារាចម្រៀងជប៉ុន ដែលបានចូលរួមសំដែងក្នុងព្រឹត្តិការណ៍ពិពរណ៍កម្ពុជាចំនួនពីរថ្ងៃ គឺថ្ងៃទី ០៣ និងទី ០៤ ខែឧសភា ដោយបានញាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការរៀបចំពិពរណ៍ ដៃគូរឧបត្ថម្ភ អ្នកស្ម័គ្រចិត្តជប៉ុន និងកម្ពុជា ព្រមទាំងក្រុមរៀបចំតុបតែងឆាក រួមទាំងពិធីករ ពិធីការិនីផងដែរ ដែលបានធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដ៏ត្រចះត្រចង់។ នៅចុងបញ្ចប់ ឯកឧត្តម បានសំដែងនូវក្តីរីករាយ និងរំភើប ដោយបានឃើញអ្នកចូលរួមទាំងពលរដ្ឋកម្ពុជា ទាំងមិត្តជប៉ុន និងមិត្តបរទេសនានា សរុបប្រមាណជាង ៥មឺននាក់ ក្នុងព្រឹត្តិការណ៏ចំនួនពីរថ្ងៃខាងលើនេះ ដែលបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ ភាពរួសរាយរាក់ទាក់ និងសាមគ្គីភាពរវាងបងប្អូនខ្មែរ ក៏ដូចជាការសំដែងនូវភាពរួសរាយរបស់ពួកគេ ចំពោះមិត្តជប៉ុន និងមិត្តបរទេសផងដែរ៕

https://www.facebook.com/media/set/?vanity=cambodianembassyinjapan&set=a.615449947285576

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *