ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រលងនិយាយភាសាខ្មែរ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការរៀនភាសាខ្មែរ ការយល់ដឹងពីវប្បធម៌ខ្មែរ ការផ្តាស់ប្តូររវាងប្រជាជន និងប្រជាជន និងចូលរួមអបអរសាទរខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ដោយមានបេក្ខជន និងបេក្ខនារីជាជនជាតិជប៉ុន ចូលរួមប្រកួតប្រជែងចំនួន ១៨នាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តជប៉ុនដែលចេះនិយាយភាសាខ្មែរមួយចំនួនផងដែរ។ គណកម្មាធិការដាក់ពិន្ទុមានចំនួន ០៤ រូប គឺមន្ត្រីចេះភាសាខ្មែរមកពីក្រសួងការបរទេសជប៉ុនពីររូប ព្រមទាំងប្រធានសហគមន៍ខ្មែរ នៅប្រទេសជប៉ុន និងប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន។

សូមអនុញ្ញាតជម្រាបជូនថា ឯកឧត្តម Arima Yutaka អគ្គនាយក នាយកដ្ឋានអាស៊ីនិរតី និងអាស៊ីអគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន និងលោក Ishizawa Yoshiaki នាយកនៃមជ្ឍមណ្ឌលសូហ្វីយ៉ា-អាស៊ី សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្ស និងជាប្រធានបេសកកម្មអន្តរជាតិសូហ្វីយ៉ា-អង្គរ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងឱកាសប្រកាសជ័យលាភី និងបិទកម្មវិធីផងដែរ។

អ្នកទទួលបានជ័យលាភីចំនួន៥រូប នឹងមានឱកាសទៅទស្សនាប្រទេសកម្ពុជារយៈពេល៥ថ្ងៃ ដែលអនុញ្ញាតឲ្យពួកគេបានយល់ដឹងកាន់តែ ស៊ីជម្រៅពីវប្បធម៌ សង្គម និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ស្ថានទូតកម្ពុជានឹងរ៉ាប់រងលើថ្លៃសំបុត្រយន្តហោះ ថ្លៃស្នាក់នៅភ្នំពេញ និងសៀមរាប ប្រាក់ហូបចុកនិងធ្វើដំណើរក្នុងស្រុក និងរៀបចំមុគ្គទេសទេសចរណ៍សម្រាប់ពួកគាត់ផងដែរ។

ស្ថានទូតកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់កុងស៊ុលកិត្តិយសកម្ពុជានៅសេនដាយ កុងស៊ុលកិត្តិយសកម្ពុជានៅហ៊ូគូអូកា ក្រុមហ៊ុនTaica ក្រុមហ៊ុនSBI Remit និងក្រុមហ៊ុនNX Shoji ដែលបានរួមចំណែកចូលរួមឧបត្ថម្ភដល់កម្មវិធីដ៏សំខាន់នេះ។

សូមចូលរួមអបអរជ័យលាភីទាំង៥រូប!

https://www.facebook.com/cambodianembassyinjapan/posts/612701014227136

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *