ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២៣ ជាផ្នែកមួយនៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Machida Zelvia ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា “Cambodia Day”។
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។
ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា និងលោកស្រី Minamino Yoko ទូតសុច្ឆន្ទៈនៃទំនាក់ទំនងកម្ពុជា~ជប៉ុន ក៏បានអញ្ជើញក្នុងពិធីនេះដែរ ។
ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder” និងមានអ្នកចូលរួមទស្សនាប្រមាណ ១៨៣០០នាក់។ ស្ថានទូតកម្ពុជា ក៏បានរៀបចំស្តង់ដើម្បីតាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាផលិតផលខ្មែរដូចជាផ្លែចន្ទី និងម្រេចកំពតជាដើម។
សូមគូសបញ្ជាក់ផងដែរថា ទិវាកម្ពុជានេះ ត្រូវបានរៀបចំឡើងជាលើកទី៣ហើយ ដោយលើកទី១និងទី២ រៀបចំឡើងនៅខែសីហា ឆ្នាំ២០២១ និង២០២២ នៅទីតាំងដដែល ប្រកបដោយភាពជោគជ័យ៕