កម្មវិធី Cambodia Day ឆ្នាំ២០២២ ប្រារព្ធឡើងនៅទីលានបាល់ទាត់ក្នុងខេត្ត Shizuoka

កម្មវិធី Cambodia Day ឆ្នាំ២០២២ ប្រារព្ធឡើងនៅទីលានបាល់ទាត់ក្នុងខេត្ត Shizuoka
ថ្ងៃទី២០ ខែសីហាឆ្នាំ ២០២២ ជាផ្នែកមួយ​នៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Kashiwa Reysol នៃលីគកំពូលជប៉ុន (Japan League) ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day ។
ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួត ហើយឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត ។
 
ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជាក៏បានអញ្ជើញក្នុងពិធីនេះដែរ ។
ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder” និង​មាន​អ្នកចូលរួម​ទស្សនាប្រមាណ ១៥០០០នាក់។ ស្ថានទូតកម្ពុជា ក៏បាន​រៀបចំ​ស្តង់ដើម្បី​តាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយ​តំបន់ទេសចរណ៍នានា​នៅ​ប្រទេសកម្ពុជា ក៏ដូចជាមានកម្មវិធីឆ្លើយសំនួរពាក់ព័ន្ធនឹង​ប្រទេសកម្ពុជា ដើម្បី​ទទួលបាន​រង្វាន់​ដូចជា​ក្រមា ឬអាវ​យឺតជាដើម។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា ។
 
សូមគោរពបញ្ជាក់ថា កម្មវិធីCambodia Day នេះ ត្រូវ​បាន​រៀបចំលើកទី១ ​នៅខែសីហា ​ឆ្នាំ​២០២១ ​​នៅទីតាំងដដែល​ ប្រកប​ដោយ​ភាព​ជោគជ័យ៕    

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *