នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក សុខ ធា អគ្គទីប្រឹក្សា និងលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ របស់បណ្តាសមាគមនិស្សិតខ្មែរនៅបរទេស តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់និស្សិតខ្មែរសិក្សានៅបរទេស ទាក់ទងនឹងជម្រើសការងារ ក្រោយបញ្ចប់ការ សិក្សា» ដែលរៀបចំឡើងដោយប្រធានសមាគមនិស្សិតខ្មែរប្រចាំនៅប្រទេសជប៉ុន ដែលជាប្រធានឆ្លាស់វេន និងដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងតំណាងសមាគមនិស្សិតខ្មែរនៅបរទេសមកពី ១១ ប្រទេស រួមមាន ជប៉ុន កូរ៉េ ម៉ាឡេស៊ី រុស្ស៊ី វៀតណាម សហរដ្ឋអាមេរិក ថៃ ឥណ្ឌា អេហ្ស៊ីប ចិន និងឥណ្ឌូនេស៊ី។ កិច្ចប្រជុំខាងលើត្រូវបានផ្តួចផ្តើមរៀបចំឡើងជាលើកទី១ នៅឆ្នាំ២០២១ ដោយសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និងលើកទី២ នៅឆ្នាំ២០២២ ដោយសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ និងមានកម្មវត្ថុរួមគឺចែករំលែកចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានារបស់និស្សិតខ្មែរនៅក្រៅប្រទេស។
នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការសួរសុខទុក្ខដល់ក្មួយៗនិស្សិតទាំងអស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានកំណត់យកវិស័យអភិវឌ្ឍន៍ធនធានមនុស្ស គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សមាគមនិស្សិតខ្មែរនៅក្រៅប្រទេស ការរៀបចំរចនាសម្ព័ន្ធរបស់សមាគម សារៈសំខាន់នៃការរក្សាទំនាក់ទំនងជិតស្និតរវាងសមាគមនិស្សិតខ្មែរនិងស្ថានទូតកម្ពុជានៅតាមបណ្តាប្រទេសនីមួយៗ ការជូនដំណឹងមកស្ថានទូតក្នុងករណីមានអាសន្ន គ្រោះថ្នាក់ ឬគ្រោះធម្មជាតិកើតឡើង និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ព្រមទាំងកិច្ចសហការគ្នាក្នុងការចូលរួមជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អរបស់កម្ពុជាទៅកាន់មិត្តបរទេស។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានផ្តាំផ្ញើដល់និស្សិតខ្មែរទាំងអស់ឱ្យខិតខំព្យាយាមសិក្សាចំនេះជំនាញឱ្យបានច្បាស់ និងយកចំនេះជំនាញទាំងនោះទៅចូលរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសយើងទាំងអស់គ្នា៕
https://www.facebook.com/cambodianembassyinjapan/posts/1004427745054459