នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសន្ទរកថា ក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ “JCA Business Seminar”រៀបចំដោយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association – JCA) ដោយមានការចូលរួមថ្លែងសុន្ទរកថាពីសំណាក់ ឯកឧត្តម Masahiro Imamura សមាជិកសភាជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា និងមានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងធនាគារ ABA ព្រមទាំងពាណិជ្ជករ និងអ្នកវិនិយោគិនជប៉ុនដែលជាសមាជិកសមាគម JCA សរុបប្រមាណ ៧០នាក់ នៅសាលសន្និសីទ នៃអគារតំណាងសភាជប៉ុន នៅទីក្រុងតូក្យូ។
តាមការលើកឡើងរបស់ ឯកឧត្តម Fumiaki Takahashi ប្រធានសមាគម JCA សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា ឱកាសវិនិយោគនៅកម្ពុជា ក្នុងទិសដៅជំរុញអ្នកវិនិយោគជប៉ុន ឱ្យទៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពវិនិយោគ ក៏ដូចជាដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងក្របខ័ណ្ឌ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”រវាងប្រទេសទាំងពីរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានរំលឹកអំពីទំនាក់ទំនងការទូតល្អយូរអង្វែងរវាងកម្ពុជា-ជប៉ុន និងជម្រាបអំពីស្ថានភាពនៃសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជាដែលមានលក្ខណៈប្រសើរនាពេលបច្ចុប្បន្ន ព្រមទាំងសកម្មភាពនានារបស់ស្ថានទូតកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកអំពីស្ថានភាពអំណោយផលដែលជាសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យពាណិជ្ជករ និងអ្នកវិនិយោគិនជប៉ុនធំៗ ដែលចូលរួមក្នុងសិក្ខាសាលានេះ ទៅបើកក្រុមហ៊ុន និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ ខណៈដែលមានក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួន បានកំពុងបើកដំណើរការក្រុមហ៊ុន និងរោងចក្រខ្លួននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea Cambodia ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន និងរោងចក្រតម្លើងរថយន្ត Toyota (Tsusho) ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កម្សាន្តទេសចរណ៍ A2A Town Cambodia មន្ទីរពេទ្យ Sunrise ធនាគារស្ថាបនា និង ធនាគារ Mizuho ជាដើម៕