កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺដែលរៀបចំដោយសហគមន៍ខ្មែរខេត្តហ្គីហ្វឺ និងបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន និងសប្បុរសជននានា។ ព្រិត្តិការណ៍នេះ មានការចូលរួមពីបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វេីការ និងសិក្សានៅខេត្តហ្គីហ្វឺ និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា ១០០០នាក់។
កម្មវិធីសំខាន់ៗមានជាអាទិ៍ ការរាប់បាតនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងបង្សុកូលឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន។ ក្នុងកម្មវិធីនោះក៏មានការទទួលទានអាហារសាមគ្គី ការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុនពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដោយឃេីញវត្តមានរបស់បងប្អូនខ្មែរចូលរួមដ៏ច្រេីនកុះករ និងលេីកឡេីងថា ការជួបជុំគ្នាថ្ងៃនេះបានបង្ហាញនូវស្មារតីសាមគ្គីភាពដ៏ល្អ និងការស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅជប៉ុន ក្នុងគោលដៅរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យបរទេសបានដឹងអំពីពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណី ទំនៀមទំលាប់របស់ខ្មែរដ៏ផូរផង់របស់ជាតិ។
ទន្ទឹមនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលេីកឡេីងពីសមិទ្ធផលលេចធ្លោរជាច្រេីន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១ឆ្នាំកន្លងមក រួមទាំង(១)ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយព្រែកជីកនេះត្រូវបានសាងសង់រួច បានទទួលការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និង(២) ការចូលរួមរបស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសដ៏ច្រេីនលេីលលុប រូមទាំងបងប្អូនខ្មែរនៅជប៉ុន ក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដែលបានប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុូការពារ និងអភិវឌ្ឍជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ថា តបតាមសំណូមពររបស់បងប្អូននៅជប៉ុនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិខាងលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានបង្កើតគណនីធនាគារក្នុងប្រទេសជប៉ុនសម្រាប់ទទួលវិភាគទាន ផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឯកឧត្តមឯកអគ្គរាជទូតបានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយះការពន្យល់ជាច្រេីនដង និងយ៉ាងក្បោះក្បាយដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលេីកឡេីងថា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី៧ កញ្ញាមក។ មកទល់ពេលនេះ មានអ្នកចូលរួមក្នុងដំណេីរទស្សនកិច្ចសរុបប្រមាណជា ៤០០នាក់ហេីយ។
នៅចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនត្រៀមលក្ខណ:រួចជាស្រេចក្នុងការសហការ និងជួយសម្រួលបញ្ហានានា និងសំណូមពរផ្សេងៗ របស់បងប្អូនខ្មែរនៅជប៉ុន រួមទាំង ការបាត់លិខិតឆ្លងដែន ជាដេីម៕
https://www.facebook.com/cambodianembassyinjapan/posts/935985508565350