ឯកឧត្ដមឯកអគ្គរាជទូត ទុយ រី អនុញ្ញាតជូនថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្ដមឯកអគ្គរាជទូត ទុយ រី អនុញ្ញាតជូនថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន បានអនុញ្ញាតជូនឯកឧត្ដម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន។

ឯកឧត្ដម លី ណាវុឌ្ឍ សាកលវិទ្យាធិការ បានជម្រាបជូនអំពីគោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន រួមទាំងគោលបំណងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងសាកលវិទ្យាល័យនានានៅក្នុងប្រទេសជប៉ុន តាមរយៈនិស្សិតមកសិក្សាផ្ទាល់ កម្មវិធីផ្លាស់ប្តូរនិស្សិត និងដំណើរទស្សនកិច្ចនានានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន ជាដើម ក្នុងគោលដៅពង្រឹង និងបណ្តុះបណ្តាលនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតបានបង្ហាញការគាំទ្រ និងកោតសរសើរនូវគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានបើកឱកាសឱ្យនិស្សិតកម្ពុជាអាចក្រេបជញ្ជក់យកចំណេះវិជ្ជា និងជំនាញដ៏មានសារសំខាន់ពីប្រទេសជប៉ុន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅពេលបញ្ចប់ការសិក្សា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សដែលជាចំណុចអាទិភាពមួយក្នុងចំណោមចំណុចអាទិភាពផ្សេទៀត ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

https://www.facebook.com/cambodianembassyinjapan/posts/932190232278211

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *