ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ”

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ”

នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពនៅទីក្រុងតូក្យូ ដើម្បី “អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាព ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ដោយមានក្រុមកីឡាករបាល់ទាត់ខ្មែរចំនួន ៩ បានចូលរួមប្រកួត និងមានការចូលរួមទស្សនាដ៏ច្រើនកុះករពីសំណាក់សហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុន សរុបជាង ២០០នាក់។ ក្រុមកីឡាករខ្មែរទាំង ៩ក្រុមនោះ មាន ទី១. ក្រុម Classic (ខេត្ត Saitama), ទី២. ក្រុមអ្នកចម្បាំង (ខេត្ត Ibaraki), ទី៣. ក្រុមអង្គរខេមរា (ខេត្ត Kanagawa), ទី៤. ក្រុម Kanuma (ខេត្ត Tochigi), ទី៥. ក្រុម Banana (ខេត្ត Gunma), ទី៦.ក្រុម Black Wolf (ខេត្ត Kanagawa), ទី៧. ក្រុមនាគស សៃតាម៉ាក់ (ខេត្ត Saitama), ទី៨. ក្រុម CJSS (តូក្យូ) និងទី៩. ក្រុម Khmer Ayase (ខេត្ត Kanagawa)។

ក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ក្រុមកីឡាករខ្មែរ និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងព្រឹត្តិការណ៍ ដើម្បី “អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានបើកការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យធំធេង និងជាទីមោទកភាពនៃព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿង ដោយមានប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ទាំងក្នុងនិងក្រៅប្រទេសបានគាំទ្រដោយស្មោះស្ម័គ្រ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសង្កត់ធ្ងន់អំពីសារៈប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រ ក្រោយព្រែកជីកនេះ ត្រូវបានសាងសង់រួច ហើយពេលនោះវានឹងផ្តល់ប្រយោជន៍ដ៏សំខាន់ ដល់វិស័យជាច្រើន ជាពិសេស ការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម អភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា បង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម ជាដើម។

ជាងនេះទៀត ឯកឧត្ដមឯកអគ្គរាជទូត ក៏បានពន្យល់អំពីគោលបំណង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគូសបញ្ជាក់ថា គ្មានការកាត់ទឹកដី ៤ខេត្ត (ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ) របស់កម្ពុជាឱ្យបរទេសនោះទេ និងបានអំពាវនាវដល់អ្នកចូលរួមការប្រកួតនេះ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលធានាមិនធ្វើឲ្យបាត់បង់អធិបតេយ្យភាព និងបាត់បងទឹកដីនោះឡើយ ហើយដែលត្រូវបានការពារដោយការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ដែលបច្ចុប្បន្នបោះបាន ៨៤%រួចមកហើយ។

ក្រោយការប្រកួតដ៏ស្វិតស្វាញរួចមក ជ័យលាភីលេខ១ បានទៅក្រុម Kanuma FC ជ័យលាភីលេខ២ គឺក្រុម នាគស សៃតាម៉ា និងជ័យលាភីលេខ៣ គឺក្រុម អង្គរខេមរា។

ក្រុមកីឡាករខ្មែរ និងអ្នកចូលរួមទាំងអស់បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏ពិសេសនេះ ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថានឯកអគ្គរាជទូតក្នុងការបង្កលក្ខណៈឱ្យមានការជួបជុំ និងបន្តរឹតចំណងសាមគ្គីភាពឱ្យកាន់តែប្រសើរថែមទៀត ក្នុងចំណោមបងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន។ នៅចុងបញ្ចប់ ក្រុមកីឡាករបានបង្ហាញនូវភាពសប្បាយរីករាយក្នុងការចូលរួម និង បានស្នើស្ថានទូតពិនិត្យលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនេះនៅពេលក្រោយទៀត៕

https://www.facebook.com/100064617285439/posts/916356887194879

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *