នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ អនុព័ន្ធពាណិជ្ជកម្ម និងអនុព័ន្ធការងារ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាង សមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (Cambodian Entrepreneurs Association For Development & Solidarity-CEADS) ដឹកនាំដោយ ឯកឧត្តម ហុង ឆេងឈុន ប្រធានសមាគម CEADS និងក្រុមហ៊ុន Kojima Holdings Group ដឹកនាំដោយលោក KOJIMA Masanobu ប្រធានក្រុមហ៊ុន Kojima និងបានចូលរួមសិក្ខាសាលាស្តីអំពី បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដែលធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសណ្ឋាគារ Atsugi Urban Hotel ទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគម CEADS ឧកញ៉ាដែលជាសមាជិកសមាគម CEADS ប្រធានសហគមន៍ខ្មែរនៅជប៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Kojima សរុបប្រមាណជាង ៥០នាក់។
គោលបំណងនៃការចុះ MoU រវាងភាគីទាំងពីរ និងការរៀបចំសិក្ខាសាលានេះ គឺដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងរួមសហការគ្នាក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ តាមរយៈវិស័យឯកជនរវាងកម្ពុជានិងជប៉ុន ឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើងថែមទៀត។
នាថ្ងៃដដែលនោះដែរ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ក៏បានអញ្ជើញចូលរួមស្ដាប់ការធ្វើបទបឋកថារបស់ ឯកឧត្តម Zentaro Kamei សមាជិកសភា និងជាទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន និងជាសាស្រ្តចារ្យ នៃវិទ្យាស្ថាន PHP (Peace, Happiness and Prosperity) និងសាកលវិទ្យាល័យ Rikkyo ផងដែរ ស្តីអំពី “Inclusive Growth – Thinking from the Perspective of Investment Decisions” ដែលប្រធានបទនេះបានចែករំលែកពីបទពិសោធន៍ និងដំណោះស្រាយនានា លើបញ្ហាសំណល់ទឹកកខ្វក់ ការបំពុលបរិស្ថាន និងផលប៉ះពាល់ដល់សង្គមពីការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈដំណើរប្រព្រឹត្តទៅរបស់ក្រុមហ៊ុនវិនិយោគក្នុងប្រទេសជប៉ុននិងប្រទេសកម្ពុជា៕
https://www.facebook.com/cambodianembassyinjapan/posts/884782127019022