នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»ក្រោមអធិបតីភាពឯកឧត្តម ឯកអគ្គរាជទូត ទុយ រី ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិត បងប្អូនសហគមខ្មែរ និងនិស្សិតជប៉ុនដែលសិក្សាភាសាខ្មែរ សរុបប្រមាណជាង១០០នាក់។
នៅក្នុងឱកាសនោះ ជាការចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិមានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការលេងភ្លេងឧបករណ៍រនាត និងការច្រៀងបទចម្រៀងសម័យនិងបង្ហាញការរាំ ដែលសម្តែងដោយក្រុមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន ព្រមទាំងមានការធ្វើបទបង្ហាញដោយអ្នកគ្រូ Tomoko FUKUTOMI និងអ្នកស្រី CHIAKI QIANJING អំពីល្ខោនស្បែកធំ។ ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា និងត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
ក្រោយចប់ពិធីខាងលើ មានការទទួលទានអាហារសាមគ្គី ដែលរៀបចំដោយស្ថានទូត និងមានការច្រៀងរាំកំសាន្តប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសមាគមនិស្សិតកម្ពុជានៅជប៉ុន ដែលបានចូលរួមរៀបចំឱ្យមាននិស្សិតសំដែងសិល្បៈរបាំ ក្នុងពិធីអបអរសាទរខួបទី២៥នៃទិវាវប្បធម៌ជាតិ ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់អ្នកគ្រូ Tomoko FUKUTOMI និងអ្នកស្រី CHIAKI QIANJING ដែលមានសមានចិត្តចូលរួមធ្វើបទបង្ហាញអំពីល្ខោនស្បែកធំដែលជាល្ខោនមានវ័យចំណាស់បំផុត៕https://www.facebook.com/cambodianembassyinjapan/posts/pfbid023Nihu9eZCxzJiBrNgqP1UeNaC259eHQW8prfzshCtdUpzqCDGEWayUjwkVLKjT8Xl