នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតឡាវ ប្រចាំប្រទេសជប៉ុន ក្នុងនាមជាតំណាងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមពិធីប្រគល់តំណែងជូន ស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន ក្នុងនាមជាប្រធានប្តូរវេនថ្មីនៃ ACT ពីស្ថានទូតឡាវ ជាប្រធាន ACT ចាប់ពីខែមិថុនា ដល់ខែ ធ្នូ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅភោជនីយដ្ឋាន Sunshine Cruise នាទីក្រុងតូក្យូ។ កម្មវិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងតំណាងនៃស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានអាស៊ាន ផងដែរ។
ថ្លែងសុន្ទរកថាក្នុងពិធីប្រគល់តំណែងជូនប្រធានប្តូរវេនថ្មីនៃ ACT ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរពីតួនាទី និងការចូលរួមចំណែកដ៏សកម្មរបស់ ACT នាពេលកន្លងមក ក្នុងការពង្រឹងទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដើម្បីរួមចំណែក និងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងជប៉ុន ដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីកម្មវិធីប្រគល់តំណែងនេះ កិច្ចប្រជុំការងារពិសារអាហារថ្ងៃត្រង់រវាង ឯកឧត្តម អគ្គលេខាធិការអាស៊ាន និង ACT ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងយន្តការ ACT តាមរយៈការគាំទ្របន្ថែមរបស់លេខាធិការដ្ឋានអាស៊ានដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក្នុងភាពជាដៃគូសន្ទនារវាងអាស៊ាន និងជប៉ុន៕
https://www.facebook.com/cambodianembassyinjapan/posts/1009084647922102