នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយ Minato International Association (MIA) រៀបចំកម្មវិធី “Let’s Visit the Embassy of Cambodia” នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៥២ នាក់ ជាជនជាតិជប៉ុន។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមិត្តជប៉ុន ដែលបានចាប់អារម្មណ៍ក្នុងការស្វែងយល់ពីកម្ពុជា និងលើកទឹកចិត្តពួកគាត់ទៅទស្សនានៅប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីទំនាក់ទំនងរបស់កម្ពុជា-ជប៉ុន ដែលមានតាំងពីយូរលង់ណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីនេះមានការធ្វើបទបង្ហាញស្តីពីប្រទេសកម្ពុជា វប្បធម៌ ម្ហូបអាហារ និងទេសចរណ៍ដោយមន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ។ ក្នុងឱកាសនោះដែរ ស្ថានទូតក៏បានរៀបចំកម្មវិធីឱ្យអ្នកចូលរួមបានស្វែងយល់ពីក្រមាខ្មែរ និងសារៈសំខាន់របស់ក្រមាក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ព្រមទាំងបានផ្តល់ជូនក្រមាដល់អ្នកចូលរួមទាំងអស់ សម្រាប់ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសនៃការអបអរសាទរក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤។ នៅចុងបញ្ចប់នៃកម្មវិធី ស្ថានទូតបានរៀបចំជាភេសជ្ជៈ និងនំពពាយខ្មែរ សម្រាប់អ្នកចូលរួមបានភ្លក់ពីរស់ជាតិនំខ្មែរយើងផងដែរ៕
https://www.facebook.com/cambodianembassyinjapan/posts/1007596558070911