នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ៊ីរ៉ូស៊ី (HIROSHI TAKIUE) ប្រធានក្រុមហ៊ុន LinkEast Co., Ltd. ចូលជួបសម្ដែងការគួរសម និងជម្រាបជូនអំពីគម្រោងរៀបចំ “Japan Village in Phnom Penh” លើផ្ទៃដីទំហំចាប់ពី ២ ហិកតា នៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ជាការវិនិយោគរួមគ្នាដោយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុនជប៉ុន SANDAI Investment Co., Ltd និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជប៉ុន LinkEast ហើយត្រូវបានដឹកនាំរៀបចំដោយ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយគ្រោងរៀបចំបង្កើតនូវភោជនីយដ្ឋានជប៉ុនល្បីៗ សបភីងម៉ល ម៉ាត DAISO ហាងលក់សម្លៀកបំពាក់ជប៉ុនទាន់សម័យដូចជា Uniqlo, Nishimatsuya និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យក្រុមហ៊ុនជប៉ុនធំៗ ក៏ដូចជា Showroom សម្រាប់តាំងបង្ហាញរថយន្ត ផលិតផលបច្ចេកវិទ្យា និងចែកចាយលក់ផលិតផលប្រើប្រាស់ជប៉ុនជាច្រើនមុខទៀត។ ជាមួយគ្នានោះ តាមរយៈការណែនាំពីស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងអូសាកា លោក ហ៊ីរ៉ូស៊ី បានស្នើសុំការគាំទ្រពីស្ថានទូតកម្ពុជា ដើម្បីសម្របសម្រួលឱ្យក្រុមហ៊ុនរបស់លោក អាចនាំយក និងរៀបចំផលិតផលខ្មែរ ព្រមទាំងគម្រោងវិនិយោគផ្សេងៗ ចូលរួមតាំងបង្ហាញក្នុងពន្លាជាតិកម្ពុជា ដែលនឹងមានវត្តមានរយៈពេល ៦ខែ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ខាងមុខនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំ “Japan Village in Phnom Penh” នៅកម្ពុជា ដោយគម្រោងនេះ នឹងក្លាយជាទីកន្លែងមួយប្រមូលផ្តុំទៅដោយទំនិញជប៉ុនសំខាន់ៗ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ជប៉ុន ដែលជំរុញឱ្យអ្នកវិនិយោគជប៉ុន ក៏ដូចជាអ្នកទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ចំពោះការរៀបចំតាំងផលិតផលខ្មែរ និងការបង្ហាញគម្រោងវិនិយោគផ្សេងៗ នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការគាំទ្រ និងមានក្តីរីករាយបំផុតក្នុងការសម្របសម្រួលជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញឱ្យក្រុមហ៊ុន LinkEast អាចចូលរួមតាំងបង្ហាញជាមួយពន្លាជាតិកម្ពុជា ក្នុងទិសដៅជំរុញសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ និងជំរុញកំណើនអ្នកវិនិយោគិនជប៉ុនទៅកាន់ប្រទេសកម្ពុជា។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនពរឱ្យគម្រោងរៀបចំ “Japan Village in Phnom Penh” របស់ក្រុមហ៊ុនវិនិយោគរួមគ្នាខាងលើ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យឆាប់ៗ តាមការគ្រោងទុក ផងដែរ៕
https://www.facebook.com/cambodianembassyinjapan/posts/1002441865253047