លោកភារធារីស្តីទី ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធីជប់លៀងអបអរបំណាច់ឆ្នាំ២០២៤ និងកម្មវិធីសប្បុរសធម៌ ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរតំបន់កាន់សៃ ប្រទេសជប៉ុន

លោកភារធារីស្តីទី ចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធីជប់លៀងអបអរបំណាច់ឆ្នាំ២០២៤ និងកម្មវិធីសប្បុរសធម៌ ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរតំបន់កាន់សៃ ប្រទេសជប៉ុន

តបតាមការអញ្ជើញរបស់ប្រធានសមាគមនិស្សិតខ្មែរតំបន់កាន់សៃ លោក សុខ ធា ភារធារីស្តីទី អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីជប់លៀងអបអរបំណាច់ឆ្នាំ២០២៤ និងកម្មវិធីសប្បុរសធម៌ដើម្បីប្រមូលថវិកាយកទៅជួយផ្តគ់ផ្គង់បណ្ណាល័យមួយរបស់សាលាបឋមសិក្សាតាពីង ក្នុងខេត្តកែប តាមប្រព័ន្ធអនឡាញ Zoom ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរតំបន់កាន់សៃ និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជប៉ុន បងប្អូនខ្មែរ និងនិស្សិតកំពុងសិក្សានៅប្រទេសជប៉ុនជាង ៧០នាក់ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។

លោកភារធារីស្តីទីបានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនខ្មែរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងពីឯកឧត្តម ឯកអគ្គរាជទូត។

លោកភារធារីស្តីទីបានសំដែងការការអរគុណ និងកោតសរសើរយ៉ាងខ្លាំងដល់សមាគមនិស្សិតខ្មែរតំបន់កាន់សៃ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និងជួយរៀបចំកម្មវិធីនេះ។ ជាងនេះទៀត លោកបានគូសបញ្ជាក់នូវសារសំខាន់នៃកម្មវិធី រួមមាន ១) ផ្តល់ឱកាសជូនបងប្អូនខ្មែរបានជួបសំណេះសំណាលគ្នានិងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព ក្នុងនាមជាគ្រួសារខ្មែរតែមួយទោះបីនៅក្រៅប្រទេសក្តី និង ២) សកម្មភាពសប្បុរសធម៌ដែលបានរៀបចំឡើងនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពគន្លឹះមួយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកភារធារីស្តីទីបានជម្រាបជូនបងប្អូនខ្មែរពីសមិទ្ធផលលេចធ្លោសំខាន់ៗ របស់រាជរដ្ឋាភិបាល ដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃ និងនិងប៉ិនប្រសប់របស់ សម្តេចធិបតី ដូចជា ១) ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយ ២) ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដឹកដី និង ៣) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ លើសពីនេះទៀត លោកក៏បានចែករំលែកដល់បងប្អូនខ្មែរនូវការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹង ១) គម្រោងព្រែកជីកហ្វូណនតេជោ និង ២) បញ្ហាកោះគុត។

នៅចុងបញ្ចប់ លោកភារធារីស្តីទីបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងនៅបន្តគាំទ្រ និងចូលរួមចំណែកក្នុងសកម្មភាពនានា ដែលនឹងរៀបចំឡើងដោយសមាគមនិស្សិតខ្មែរ ប្រចាំតំបន់នានា ក្នុងប្រទេសជប៉ុន ដែលមានបុព្វហេតុចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជា ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងជប៉ុន៕

https://www.facebook.com/cambodianembassyinjapan/posts/1001546638675903

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *