នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមសំណើសុំរបស់ភាគី OIF ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានទទួលជួបលោក Edgar DOERIG តំណាងអង្គការ OIFប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ។
នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអង្គការ OIF និងបានកោតសរសើរអំពីបេសសកម្មនិងគំនិតផ្តួចផ្តើមនានារបស់អង្គការ OIF។ ទន្ទឹមនឹងនេះ ភាគី OIF បានអបអរសាទរកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគី OIF បានស្នើសុំកិច្ចសហការពីកម្ពុជានៅក្នុងការជួយផ្សព្វផ្សាយអំពីបេសសកម្មរបស់អង្គការហ្វ្រង់កូហ្វូនី នាអំឡុងពិព័រណ៍ពិភពលោក Osaka ឆ្នាំ២០២៥ ខាងមុខនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនភាគី OIF ថា កម្ពុជានឹងពិនិត្យលទ្ធភាពចូលរួមតាមដែលអាចធ្វើទៅបាន។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ OIF ក្នុងការលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនីទាំងក្នុងតំបន់និងលើពិភពលោក៕
https://www.facebook.com/cambodianembassyinjapan/posts/986152240215343