នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៉ក់ សម័យ សុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក Ferda GELEGEN អនុប្រធានអង្គការ UNIDO (United Nations Industrial Development Organization) ប្រចាំទីក្រុងតូក្យូ ក្នុងឱកាសដែល ឯកឧត្តមអនុរដ្ឋលេខាធិការ អញ្ជើញមកចូលរួមពិព័រណ៍ “The 17th Kawasaki International Eco-Tech Fair” ដែលប្រព្រឹត្តទៅនៅទីក្រុងកាវ៉ាសាគី នៅថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្ម វិស័យបរិស្ថាន និងវិស័យថាមពល (សូឡា និងអ៊ីដ្រូហ្សែន) ព្រមទាំងការជំរុញកំណើននៃការនាំចូលកសិផល ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា ចូលទីផ្សារជប៉ុន។ ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការចូលរួមកិច្ចប្រជុំជាមួយ អភិបាលក្រុងកាវ៉ាសាគី ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើផងដែរ ក្នុងគោលបំណងដើម្បីបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម បរិស្ថាន និងទេសចរណ៍ រវាងប្រទេសជប៉ុន (ជាពិសេសក្រុងកាវ៉ាសាគី) និងកម្ពុជា៕
https://www.facebook.com/cambodianembassyinjapan/posts/981162094047691