ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji នៃទីក្រុងកាតុ (Kato) ខេត្តហ្យូហ្គុ (Hyogo) ប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji នៃទីក្រុងកាតុ (Kato) ខេត្តហ្យូហ្គុ (Hyogo) ប្រទេសជប៉ុន

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ព្រះតេជគុណបណ្ឌិត Shinkai Kori ប្រធាននៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក និងសន្និសីទកំពូលនៃពុទ្ធសាសនិកពិភពលោក ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅព្រះវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji (Royal Grand Hall of Buddhism) នៃទីក្រុងកាតុ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។ ពិធីនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការព្រះវិហារព្រះពុទ្ធសាសនា Nenbutshu Sampozan Muryojuji និងមានអ្នកចូលរួមសរុបចំនួន ៣០០ អង្គ/នាក់ រួមមាន ព្រះសង្ឃជប៉ុនជាង ២០០អង្គ និងពុទ្ធសាសនិកជាជនជាតិជប៉ុនជាច្រើនរូប។

ក្នុងជំនួបសម្តែងការគួរសមជាមួយព្រះតេជគុណបណ្ឌិត Shinkai Kori ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជារៀងរាល់ឆ្នាំ និងដែលឆ្នាំនេះគឺជាលើកទី១២ ពីសំណាក់ព្រះចៅអធិការ និងគណៈកម្មាធិការនៃព្រះវិហារ Nenbutsushu និងបានគោរពប្រគេនពរជូនដល់ព្រះចៅអធិការ និងគណៈកម្មាធិការនូវព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យព្រះពុទ្ធសាសនា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងជប៉ុន និងបានកត់សំគាល់ផងដែរថា ការថ្វាយព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្រេចដោយកិច្ចប្រជុំកំពូលពុទ្ធសាសនាលើកទី ២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ប្រទានថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រមទាំងព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងព្រះវិហារ Nenbutsushu ក៏ដូចជាការនិមន្តចូលរួមរបស់សម្តេចសង្ឃកម្ពុជាទាំងពីរនិកាយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក ជាការបង្ហាញនូវការផ្សារភ្ជាប់ទំនាក់ទំនងនេះក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះតេជគុណបណ្ឌិត Shinkai Kori ក៏បានរំលឹកផងដែរអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងកាផ្សព្វផ្សាយ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក ដែលពិតជាសក្តិសមនឹងការថ្វាយនូវព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយកិច្ចប្រជុំកំពូលនៃព្រះពុទ្ធសាសនិកពិភពលោក ។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ខណៈដែលឆ្នាំនោះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid02upnZQCqRcww22rPU4U5mZn7zTc2An9DPX9kb4mY15FJ4ukXKLzLvQ3M8wyVwsr9dl

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *