នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមតាំងពិព័រណ៍ ក្នុងកម្មវិធី Minato Citizen Festival-International Friendship រៀបចំឡើងដោយសាលាខណ្ឌមីណាតុ នៅឧទ្យាន Shiba Koen ទីក្រុងតូក្យូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ តំបន់ទេសចរណ៍ និងផលិតផលកម្ពុជា ដល់មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ។ ទន្ទឹមនឹងនេះ ស្ថានទូតក៏បានរៀបចំឱ្យមានការបង្ហាញអំពីសិល្បៈរបស់កម្ពុជា ដែលសម្តែងដោយសិល្បៈករ ជាកុមារា កុមារី យុវជន និងយុវតី មកពីសហគមន៍ខ្មែរយើងដែលរស់នៅក្នុងប្រទេសជប៉ុនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងសហការី បានទទួលស្វាគមន៍លោកស្រី SEIKE Ai អភិបាលខណ្ឌមីណាតុ ដែលបានផ្តល់កិត្តិយស មកទស្សនាស្តង់ស្ថានទូតកម្ពុជាដោយផ្ទាល់ និងបានផ្តល់ជូនលោកស្រីអភិបាលខណ្ឌនូវ វត្ថុអនុស្សាវរីយ៍ និងផលិតផលខ្មែរមួយចំនួន។
គួររំលឹកផងដែរថា កម្មវិធី Minato Citizen Festival-International Friendship ជាកម្មវិធីតាំងពិព័រណ៍ដ៏ធំប្រចាំឆ្នាំរបស់សាលាខណ្ឌមីណាតុដែលមានការចូលរួមពីបណ្តាសមាគម សាលារៀន ក្រុមហ៊ុនឯកជន និងបណ្តាស្ថានទូត នៅក្នុងតំបន់មីណាតុ ចំនួនរាប់រយស្តង់ ដែលក្នុងឆ្នាំ ២០២៤ នេះ មានស្តង់សរុបប្រមាណ ១៨០ និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់៕
https://www.facebook.com/cambodianembassyinjapan/posts/958462229651011