នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ Art Stage Osaka ២០២៤ ដែលក្នុងពិព័រណ៍នេះ មានខ្សែភាពយន្តខ្នាតខ្លី ក្រោមចំណងជើងថា កង់បី (3 Wheels) ផលិតដោយសិល្បករកម្ពុជា ១រូប គឺលោក កាវិច នាង ដែលត្រូវបានដាក់តាំងបង្ហាញ នៅមជ្ឈមណ្ឌល Osaka International Convention Center ទីក្រុងអូសាកា។
ពិព័រណ៍ Art Stage Osaka ឆ្នាំ២០២៤ ត្រូវបានបើកសម្ពោធក្រោមអធិបតីភាព លោក Hirofumi Yoshimura អភិបាលខេត្តអូសាកា និងលោក Yokoyama Hideyuki អភិបាលក្រុងអូសាកា ដោយមានខ្សែភាពយន្តខ្នាតខ្លីផលិតដោយសិល្បករចំនួន ១១ប្រទេស (អាស៊ាន មាន ៣ប្រទេស គឺ ប្រុយណេ កម្ពុជា និងសឹង្ហបុរី) ត្រូវបានដាក់តាំងបង្ហាញ ព្រមគ្នាជាមួយនូវការតាំងបង្ហាញអំពីស្នាដៃសិល្បៈគំនូរ សិល្បៈចម្លាក់ សិល្បៈរចនាម៉ូតសម្លៀកបំពាក់សម្រាប់តួកុន សិល្បៈសោតទស្សន៍ សិល្បៈរូបភាព សៀវភៅរូបភាព និងឯកសារផ្សព្វផ្សាយជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យសិល្បៈ។ សិល្បករកម្ពុជាយើង លោក កាវិច នាង ដែលចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ធ្លាប់បានសិក្សាផ្នែកតន្ត្រី និងរាំតាំងពីក្មេងនៅ Cambodian Living Arts មុនពេលបញ្ចប់ការសិក្សាផ្នែក professional Design សាកលវិទ្យាល័យ Limkokwing University of Creative Technology ក្នុងឆ្នាំ២០១៣ ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងដល់សិល្បករខ្មែរ លោក កាវិច នាង ដែលមានសមត្ថភាពខ្ពស់អាចដឹកនាំ និងផលិតខ្សែភាពយន្ត ដែលត្រូវបានគណៈកម្មការពិព័រណ៍ World Art Osaka ជ្រើសយកមកដាក់បង្ហាញចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាលខ្លីជាមួយលោកអភិបាលខេត្ត និងអភិបាលក្រុងអូសាកា ដោយបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ និងការអញ្ជើញរដ្ឋាភិបាល និងប្រជាជនជប៉ុន ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលនឹងមានវត្តមាននៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ខាងមុខនេះ៕