នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាអបអរសាទរនៅក្នុង “ពិធីប្រគល់ពានរង្វាន់អន្តរជាតិលើគម្រោងសាងសង់របស់ជប៉ុន លើកទី៧ (The 7th Construction International Awards Ceremony)” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម SAITO Tetsuo រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅសាល MITA KAIGISHO ទីក្រុងតូក្យូ។
រង្វាន់ជ័យលាភីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបែងចែកជា ៤ ប្រភេទផ្សេងៗគ្នា ៖
ទី១- “Award of Excellence” បានទៅលើគម្រោងសាងសង់ស្ពាននៅប្រទេសហៃទី ។
ទី២- “Construction Project Category” បានលើគម្រោងសាងសង់របស់ជប៉ុន នៅប្រទេសឥណ្ឌា កម្ពុជា ថៃ និងឥណ្ឌូនេស៊ី។
ទី៣- “SMEs Category” បានលើគម្រោងសាងសង់របស់ជប៉ុន នៅប្រទេសស្រីលង្ការ ចិន ថៃ កេនយ៉ា កម្ពុជា និងឥណ្ឌូនេស៊ី និង
ទី៤- “Pioneering Activity Category” បានលើគម្រោងសាងសង់របស់ជប៉ុន នៅប្រទេសថៃ នេប៉ាល់ ភីលីពីន តៃវ៉ាន់ និងសហរដ្ឋអាមេរិក។
តាមរយៈជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន គម្រោងដែលកម្ពុជាបានទទួលជ័យលាភីនោះ គឺ៖ ទី១-គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលសាងសង់ និងអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន OBAYASHI Corporation និងក្រុមហ៊ុន Central Consultant Inc. និង ទី២-គម្រោងធ្វើឱ្យប្រសើរឡើងលើដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យា DX និងឧបករណ៍ដ្រូន ដែលអនុវត្តគម្រោងដោយ ក្រុមហ៊ុនជប៉ុន SkymatiX Inc.។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នោះ ឯកឧត្តមឯកអគ្គរាជទូត បានសំដែងការអបអរសាទរដល់ក្រុមហ៊ុនជប៉ុនទាំង ៣ ដែលបានអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រហូតបញ្ចប់ដោយជោគជ័យ និងទទួលបានជ័យលាភីដ៏វិសេសវិសាលនេះ។ ឯកឧត្តមឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដំណើរការសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយដ៏មានតម្លៃជាច្រើនបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ស្ពានគីហ្សូណា ខេត្តកំពង់ចាម ស្ពាន Tsubasa (ស្ពានអ្នកលឿង) ខេត្តព្រៃវែង ស្ពាននៅលើផ្លូវជាតិលេខ ៦ គម្រោងស្តារឡើងវិញស្ពាននានាក្នុងខេត្តក្រចេះ និងព្រៃវែង ព្រមទាំងគម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ១ លេខ៥ លេខ៦ និងផ្លូវជាតិលេខ៧ ។ល។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ការបន្តផ្តល់ជំនួយដ៏លើសលប់ពីរដ្ឋាភិបាលជប៉ុន ពិតជាឆ្លុះបញ្ចាំងនូវទំនាក់ទំនងទ្វេភាគីល្អយូរអង្វែងរវាងកម្ពុជា និងជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ស្របពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊្វូមីអូ បានបញ្ជាក់ពីការប្តេជ្ញាក្នុងការបន្តធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ សម្រាប់រាល់កិច្ចសហប្រតិបត្តិការ ក្នុងទិសដៅអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ៕