ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក តាតស៊ូអូ ស៊ូហ្គាអ៊ិ (TATSUO SUGAI) អនុប្រធាន ក្រុមហ៊ុនទូរទស្សន៍ TBS HOLDINGS, INC. អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទូរទស្សន៍ TBS នៅកម្ពុជា

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក តាតស៊ូអូ ស៊ូហ្គាអ៊ិ (TATSUO SUGAI) អនុប្រធាន ក្រុមហ៊ុនទូរទស្សន៍ TBS HOLDINGS, INC. អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទូរទស្សន៍ TBS នៅកម្ពុជា

ក្រោមកិច្ចសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក តាតស៊ូអូ ស៊ូហ្គាអ៊ិ (TATSUO SUGAI) អនុប្រធានក្រុមហ៊ុន TBS HOLDINGS, INC. ព្រមទាំងគណៈនាយក និងបុគ្គលិកនៃក្រុមហ៊ុនទូរទស្សន៍ TBS Television, Inc. ចំនួន ៧នាក់ នៅស្ថានទូតកម្ពុជា ដោយផ្តោតលើ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោកស្រី តូម៉ូកូ សាតូ ( TOMOKO SATO ) នាយកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទូរទស្សន៍ TBS និងប្រតិភូក្រុមហ៊ុន នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៤-២៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សានេះ លោក តាតស៊ូអូ ស៊ូហ្គាអ៊ិ បានថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា និងសហការី ដែលបានជួយសម្របសម្រួលជូនប្រតិភូក្រុមហ៊ុនលោក បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងទទួលបានការអនុញ្ញាតឱ្យចុះពិនិត្យមើលទីស្នាក់ការស្ថានីយទូរទស្សន៍ជាតិកម្ពុជាផងដែរ។ លោក តាតស៊ូអូ បានចែករំលែកអំពីបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងកម្មវិធី TV Shows របស់ស្ថានីយទូរទស្សន៍ TBS ដែលមានប្រវតិ្តបើកដំណើរការជាង ៧០ឆ្នាំ និងបានជម្រាបអំពីការផ្សព្វផ្សាយរបស់ទូរទស្សន៍ TBS ពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ ទេសចរណ៍ តន្រ្តី និងការអប់រំរបស់ប្រទេសកម្ពុជា ផងដែរ។ ជាលទ្ធផល ភាគីទាំងពីរ បានសម្រេចបង្កើតក្រុមការងារទំនាក់ទំនងជាមួយគ្នាមួយ ដើម្បីចុះយកព័ត៌មាន ក៏ដូចជាចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីសហការគ្នាផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍រៀងៗខ្លួន។ ជាមួយគ្នានេះ លោក តាតស៊ូអូ បានបញ្ជាក់ថា ក្រុមការងារលោក គ្រោងនឹងទៅប្រទេសកម្ពុជាម្តងទៀត នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សាបន្ថែម លើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការ លើកផ្នែកណាមួយ ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងក្រសួងព័ត៌មានកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន TBS និងបានគាំទ្រ ចំពោះគម្រោងរបស់ក្រុមហ៊ុនដែលនឹងទៅទស្សនកិច្ចនៅកម្ពុជាម្តងទៀត នាខែធ្នូខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានរំលឹកអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងបានស្នើដល់ស្ថានីយទូរទស្សន៍ TBS ចូលរួមគាំទ្រ ក៏ដូចជាចុះយកព័ត៌មាន និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នានា ដែលស្ថានទូតកម្ពុជាតែងតែរៀបចំជាប្រចាំឆ្នាំ រួមមាន ពិព័រណ៍កម្ពុជា កម្មវិធីទិវាវប្បធម៌ជាតិ កម្មវិធីប្រឡងនិយាយភាសាខ្មែរ ។ល។ ដែលសំណើនេះ ត្រូវបានលោក តាតស៊ូអូ ឯកភាព និងគាំទ្រ ដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ និងជំរុញកំណើនអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid02RVgBHX72d9eS7Cwd3YRHYbgg1KL9XFaWNRneQsAfHGuzt5qpkDWQmqSB2ctbA1C5l

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *