នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន ដែលគ្រោងនឹងអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសកម្ពុជា នៅក្នុងពាក់កណ្តាលខែកក្កដា ខាងមុខនេះ។
ឯកឧត្តម YAMAGUCHI បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនូវ សុខសន្តិភាពជូនប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩១-១៩៩២ និងបានចូលរួមក្នុងយុទ្ធនាការ សម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។
ឯកឧត្តម ទុយ រី និង ឯកឧត្តម YAMAGUCHI បានសំដែងនូវការពេញចិត្តលើការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន ដែលប្រទេសទាំងពីរមិនត្រឹមតែបានប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ២០២៣ ប៉ុណ្ណោះទេ ថែមទាំងបានឯកភាពគ្នាតម្លើងកម្រិតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដែគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” លើច្រើនវិស័យ ជាពិសេសលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ឯកឧត្តម ទុយ រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម YAMAGUCHI យ៉ាងជ្រាលជ្រៅបំផុតដែលបានលះបង់ទាំងកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា និងបានជូនពរដល់ ឯកឧត្តម YAMAGUCHI រួមទាំងប្រតិភូអមដំណើរទាំងអស់ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងដំណើរបេសកកម្មនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕
https://www.facebook.com/cambodianembassyinjapan/posts/881850597312175