ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ២៥៦៨ សរុប ១១ទីតាំង នៅទូទាំងប្រទេសជប៉ុនរួមមាន ទីក្រុងតូក្យូ ទីក្រុងអូសាកា តំបន់កាហ្គាវ៉ា ខេត្តហ្វូគូអូកា ខេត្តហ្គីហ្វឺ ខេត្តអ៊ិបារ៉ាគិ ខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តស៊ីហ្ស៊ូអូកា និងខេត្តកាណាកាវ៉ា ដោយមានអ្នកចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ សិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុន ព្រមទាំងជនជាតិជប៉ុន និងបរទេស សរុបប្រមាណ ជាង ១៧០០០ នាក់។
កម្មវិធីសង្ក្រាន្តទាំងអស់ខាងលើ បានចាប់ផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ។ជាមួយគ្នានេះដែរក៏មានការសម្ដែងសិល្បៈបុរាណ-សម័យ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណី និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំបញ្ចុកខ្មែរ នំអន្សម នំបត់ នំគម ម្រេចខ្មែរ គ្រាប់ស្វាយចន្ទី សម្ភារៈសិល្បៈ សម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសម្បូរបែប ដើម្បីឱ្យអ្នកចូលរួមពិសារ ទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរ។ ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ។ល។ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយយ៉ាងក្រៃលែង។
ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅជប៉ុននាពេលនេះ គឺជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំងអស់បើទោះបីស្ថិតនៅបរទេសក្តីដើម្បីឱ្យបានចូលរួមរីករាយអបអរសាទរប្រពៃណីជាតិរបស់ខ្លួន។ សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីប្រពៃណីជាតិនេះយ៉ាងរលូនដែលធ្វើឱ្យអ្នកចូលរួមចងចាំជាអនុស្សាវរីយរវាងខ្មែរ និងខ្មែរ ផ្តល់ភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ទៅវិញទៅមក ជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីប្រទេសជប៉ុន៕
https://www.facebook.com/media/set/?set=a.831392415691327&type=3