ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន

នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន នៅសណ្ឋាគារ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងមានការអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសថ្លែងសន្ទរកថាអបអរសាទរ ដោយ ឯកឧត្តម KOMURA Masahiro អនុរដ្ឋមន្ត្រី្កក្រសួងការបរេទសជប៉ុន និងឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជា្រប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដោយមានការអញ្ជើ្ញញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត លោក លោកស្រីតំណាងអង្គទូត នៃបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀត ថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាលជប៉ុន តំណាងក្រុមហ៊ុនឯកជន អង្គការ សមាគម សិស្សនិស្សិត និស្សិតយោធាខ្មែរ និងពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន ប្រមាណជាង ៣០០នាក់។ ហើយជាពិសេស លោកស្រី MINAMINO Yoko ទូតសុឆន្ទៈសម្រាប់ខួប៧០ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏បានផ្តល់កិត្តិយសច្រៀងចម្រៀងមួយបទ មានចំណងជើងថា ឥន្ធនូ សម្រាប់ថ្ងៃស្អែក “ (Rainbow for Tomorrow ) ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា មានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៌ពីអាណានិគមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ នាពេលនោះ។ ឯកឧត្តម បានលើកពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ប្រទេសទាំងពីរ ដែលមានការរីកចម្រើនលើវិស័យជាច្រើន ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម កសិកម្ម វិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ។ល។ ហើយឆ្នាំនេះ ទំនាក់ទំនងនេះត្រូវបានតម្លើងជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយ ប្រទេសទាំងពីរកំពុងប្រារព្ធពិធីអបអរខួបទី៧០ នៃទំនាក់ទំនងកម្ពុជា ជប៉ុន ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបអំពីទិសដៅយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអំពីលទ្ធផលដ៏មានសារៈសំខាន់នៃជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឧកាសចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីដើមខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ដោយភាគីទាំំងពីរ បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមិត្តយូរអង្វែងបន្តទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងវិស័យសក្តានុពលផ្សេងទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានបញ្ជាក់តាមសារនយោបាយរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ថា៖ “កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើនីតិរដ្ឋ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសទាំងអស់ក្នុងពិភពលោក ហើយចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក”។ ជាបន្ថែមទៀត ឯកឧត្តម បានជម្រាបអំពីជំនួបសន្ទនាប្រកបដោយផ្លែផ្កាតាមទូរស័ព្ទរវាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ និងលោកជំទាវ Kamikawa Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងឧកាសនោះ ភាគីទាំងពីរបានសំដែងដោយការពេញចិត្តនូវការរីកលូតលាស់នៃទំនាក់ទំនងទាំងពីរប្រទេសតាមរយៈផ្នែកផ្សេងៗ ជាពិសេសវិស័យសេដ្ឋកិច្ច។

សូមជម្រាបផងដែរថា នៅក្នុងពិធីនេះ មានការរៀបចំតាំងបង្ហាញផលិតផលខ្មែរ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ទីផ្សារផលិតផលខ្មែរ និងជំរុញការវិនិយោគ និងមានការសម្ដែងរួមគ្នានូវរបាំក្បាច់បុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ និងរបាំប្រពៃណីជប៉ុន សម្តែងដោយក្រុម UTPAPS: Ureshino Traditional Performing Arts Preservation Society និងក្រុម J-Pop ជប៉ុន Inspire: Japanese girl group ដើម្បីរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីជាតិរបស់ខ្មែរនិងជប៉ុនទៅកាន់ភ្ញៀវអន្តរជាតិឱ្យបានស្គាល់កាន់តែទូលំទូលាយថែមទៀត ក្នុងឧកាសដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាចុងបញ្ចប់ ឯកឧត្ដម ទុយ រី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមអបអរក្នុងពិធីនេះយ៉ាងសប្បាយរីករាយ និងប្រកបដោយក្តីមិត្តភាព៕

https://www.facebook.com/cambodianembassyinjapan/posts/732326532264583

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *