ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក៏ដូចជាមួយសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីទទួលទានអាហារសាមគ្គីជាមួយសមាជិកសភាជប៉ុន ដែលជាសមាជិកសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា​ដោយមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរដោយ ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម ARIMA Yutaka អគ្គនាយកនៃនាយកដ្ឋានអាស៊ីអគ្នេយ៍និងអាស៊ីនិរតី ក្រសួងការបរទេសជប៉ុន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន និងសមិទ្ធិផលសំខាន់ធំៗកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសបានកត់សម្គាល់ខ្ពស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរបានចាត់ទុក ២០២២ ជាឆ្នាំពិសេសបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដោយមានជំនួបទ្វេភាគីចំនួន ០៤ លើក រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុនចំនួន ០២លើក និង ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ត្រី នៅប្រទេសកម្ពុជា ចំនួន ០២ លើក។

ទន្ទឹមនេះ ឯកឧត្តម បានកត់សម្គាល់ជាវិជ្ជមានអំពីទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំអាស៊ានជប៉ុនលើក ទី៣៧ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅទីក្រុងភ្នំពេញ របស់ឯកឧត្តម Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីខែសីហា ឆ្នាំ២០២២ និងទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ស្របពេលនឹងការប្រារព្ធ ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។

ឯកឧត្តម បានរំលឹកឡើងវិញនូវលទ្ធផលនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កា រវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម រដ្ឋមន្ត្រីការបរទេសជប៉ុន ផងដែរ ជាពិសេសការអនុវត្តន៍នូវ វិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនូវភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានតម្លើងកាលពីពេលថ្មីៗនេះ លើវិស័យគ្រប់វិស័យ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព និងការផ្តល់ការគាំទ្រថ្លៃថ្លា និងជំនួយដ៏សប្បុរស ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា រួមទាំងជំនួយសម្រាប់ការឆ្លើយតបទៅនឹងជម្ងឺរាតត្បាតសកលកូវីដ ១៩។ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ជប៉ុន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានគ្រាប់មីននៅត្រឹមឆ្នាំ ២០២៥ របស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានសម្តែងការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្រោមការដឹកនាំដោយ ឯកឧត្តម IMAMURA Masahiro ជានិច្ចជាកាលតែងតែចូលរួម សហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍នានា ដែលរៀបចំឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

តាមរយៈពិធីនេះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងភ្ញៀវកិត្តិយសមកពីក្រសួងការបរទេសជប៉ុន មានឱកាសជួបសំណេះសំណាលការងារកាន់តែជិតស្និទ្ធិជាមួយមន្រ្តីទូតកម្ពុជា និងបានទទួលទានម្ហូបអាហារខ្មែរ ប្រកបដោយក្តីរីករាយ និងមិត្តភាព។

https://www.facebook.com/100064617285439/posts/642934851203752/

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *