នៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយសហការី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki ដែលរៀបចំដោយសមាគមរាជសីហ៍ ដោយមានវត្តមាន លោក Kobayashi Sakae អភិបាលក្រុង Yuki និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជាភ្ញៀវកិត្តិយស ព្រមទាំងមានការចូលរួមដ៏ច្រើនកុះករពីសំណាក់បងប្អូនខ្មែរ សិស្ស និស្សិត និងពលករខ្មែរ សរុបប្រមាណជាង ២០០០នាក់ និងមានការរាំលេងកម្សាន្ត ការប្រគំតន្ត្រី និងការលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយ និង ស្និទ្ធស្នាល។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសំណេះសំណាល ផ្តល់ជាអនុសាសន៍ល្អៗ ដល់ពលរដ្ឋ សិស្ស និស្សិត កម្មសិក្សាការី ពលករ ពលការនីខ្មែរ និងបានជម្រាបជូនអំពីការរៀបចំសង្ក្រាន្តទាំងនៅទីក្រុង និងខេត្តនានា ក៏ដូចជាតាមស្រុក ឃុំ ភូមិ ទូទាំងប្រទេស ដែលមានបងប្អូនខ្មែរនិងភ្ញៀវអន្តរជាតិចូលរួមសប្បាយរីករាយក្រៃលែង ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំថោះនេះ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសង្កត់ធ្ងន់ថា ការរៀបចំសង្ក្រាន្ត និងការចូលរួមដ៏ច្រើនកុះករនេះ កើតឡើងដោយសារប្រទេសកម្ពុជាយើងមានសន្តិភាព ពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នក្រោមគោលនយោបាយឈ្នះ ឈ្នះ ផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន។ ឯកឧត្តមឯកអគ្គរាជទូត បានរំលេចផងដែរអំពីភាពរីកចម្រើនលូតលាស់ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានស្ពានវែងៗ ឆ្លងកាត់ ទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្ក ផ្លូវហាយវេ ថ្នល់ចាក់បេតុងនិងក្រាលកៅស៊ូ ជាច្រើន វិស័យឧស្សាហកម្ម សំណង់អគារខ្ពស់ៗ ។ល។ និងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពុះពារគ្រប់ឧបសគ្គ បំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់អភិបាលក្រុង Yuki នៃខេត្ត Ibaraki ដែលបានអញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តខ្មែរ ដែលឆ្នាំនេះត្រូវជាខួបទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន៕