ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីបើកកម្មវិធី រៀបចំ ព្រឹត្តិការណ៍នានា សម្រាប់រំលឹក និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅASEAN JAPAN CENTRE នាទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ថ្លែងសន្ទរកថាអបអរសារទរ ដោយ ឯកឧត្តម Takagi Kei អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន និង ឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធមិត្តភាពសភា កម្ពុជា ជប៉ុន ដោយមានការចូលរួមផងដែរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ ក្នុងនោះ មាននិស្សិត និងតំណាងសហគមន៍ខ្មែរ សមាជិកសភាជប៉ុន តំណាងក្រសួងការបរទេសជប៉ុន តំណាងក្រសួងជំនាញមួយចំនួន តំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនជប៉ុននានា។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន បានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣ ហើយត្រូវបានចាប់ផ្តើមតាំងពីព្រះរាជទស្សនកិច្ចរបស់អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នរោត្តមសីហនុ នៅប្រទេសជប៉ុន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីររហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរាជវង្ស ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេស ទាំងពីរក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ។
ឯកឧត្តម ទុយ រី បានមានប្រសាសន៍បន្ថែមថា ស្ថានទូតឯកអគ្គរាជទូតកម្ពុជា បានរួមចំណែកអនុវត្តការងារការទូតសេដ្ឋកិច្ច តាមរយៈការធ្វើបទបង្ហាញទាក់ទង និងវិស័យវិនិយោគ ពាណិជ្ជកម្ម ការសម្របសម្រួលទស្សនកិច្ចពាណិជ្ជកម្មទៅកម្ពុជា ការបង្កើតមជ្ឈ មណ្ឌលពាណិជ្ជកម្មឯកជន-កម្ពុជា នៅបណ្តាខេត្តក្រុងសំខាន់ៗរបស់ជប៉ុន ក្នុងនោះ ឆ្នាំ២០២២ បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជាទី១ នៅក្រុង Atsugi ខេត្ត Kanagawa និងការសហការជាមួយមជ្ឈមណ្ឌល អាស៊ានជប៉ុន (AJC) សមាគម ជប៉ុន-កម្ពុជា (JCA) និងស្ថាប័នដទៃទៀត ជំរុញពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ តាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជាគឺ (១) ការជំរុញការនាំចេញពីកម្ពុជា មកជប៉ុន (២)ទាក់ទាញការវិនិយោគទុនពីជប៉ុនទៅកម្ពុជា (៣)លើកកម្ពស់ការធ្វើទេសចរជប៉ុនទៅកម្ពុជា និង (៤) ផ្លាស់ប្តូរវប្បធម៌ កីឡាទៅវិញទៅមក។
ជាមួយចំណងមិត្តភាពលើកទី៧០នេះ ឯកឧត្តម ទុយ រី ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតអោយកាន់តែស៊ីជម្រៅក្នុងវិស័យជាច្រើន ហើយការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកំពស់ជាបន្ត ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមព្រឹត្តិការណ៏រំលឹកខួប ទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣ នេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម Takagi Kei អនុរដ្ឋមន្រ្ដីការបរទេសជប៉ុន បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពកម្ពុជា-ជប៉ុន បានយ៉ាង ល្អ ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣ នេះ ដែលត្រូវបានយល់ព្រមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីស៊ីដា ហ្វូមិអូ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឧកាសជំនួបកំពូលទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ។
ឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានមានប្រសាសន៍រៀបរាប់ អំពីកិត្យានុភាព របស់រាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ នាឆ្នាំ២០២២ មានដូចជាការទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកក់ក្តៅបំផុត នៅវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ ដោយ ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ ២០២៣ ព្រមទាំងការចូលរួមរបស់ប្រធានាធិបតីនានានៃប្រទេសដៃគូអាស៊ាន ជាពិសេសការចូលរួមរបស់ឯកឧត្តម Joe Biden ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីខែវិច្ឆិកា ២០២២ ជាពិសេសទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម Joe Biden ក្នុងឧកាសនោះ ៕