កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដែលបច្ចុប្បន្នផ្សារនេះបាននឹងកំពុងដាក់លក់គ្រាប់ស្វាយចន្ទីជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាយឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់ ម្រេច ស្ករត្នោត ។ល។
ក្នុងជំនួបពិភាក្សានោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជប៉ុន (៣ រូប) អង្គការ JICA (១រូប) និងតំណាងក្រុមហ៊ុន Top Planning Japan Co., Ltd (៤ រូប) ដែលក្រុមហ៊ុននេះមាន រោងចក្រ ផលិតគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ជាមួយកម្មករខ្មែរចំនួន ១២០នាក់។ ចំណុចសំខាន់ៗបានពិគ្រោះផ្លាស់ប្តូរយោបល់ រួមមាន៖
(១) សង្ខេបស្ថានភាពរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាព្រលានយន្តហោះផ្លូវល្បឿនលឿន ភ្នំពេញ ក្រុង ព្រះសីហនុ និងការកសាងបទបញ្ញត្តិ ច្បាប់ ដូចជាច្បាប់វិនិយោគថ្មីកម្ពុជា ក្នុងនោះមានវិស័យអាទិភាព ១៨វិស័យ ការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយពន្ធ និងយន្តការច្រកចេញចូលតែមួយ។
(២) ផ្សព្វផ្សាយពីទំនិញកម្ពុជាសម្រាប់ទីផ្សារជប៉ុន រួមមានមុខទំនិញជាច្រើនដូចជា សំលៀកបំពាក់ ស្បែកជើង ឆ័ត្រ និងកសិផល មានដូចជា គ្រាប់ស្វាយចន្ទី ចេក ម្រេច ស្វាយ។ល។ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (Cambodia Private Commercial Center) ក្រុង Atsugi ដែលជាមជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងពាណិជ្ជករ វិនិយោគិនកម្ពុជា ជប៉ុន ដែលបានដាក់អោយដំណើរការតាំងពីខែមិថុនា ២០២២មក។
បន្ទាប់ពីជំនួបខាងលើ ឯកឧត្តម ឯកអគ្គរាជទូត បានចុះទស្សនាការលក់ទំនិញនៅ OK Store ក្នុងទីក្រុង Yokohama និងបានសំដែងនូវក្តីរីករាយ អំណរគុណ ចំពោះសាជីវកម្មខាងលើ ដែលបានទទួលយកផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ មកដាក់លក់នៅ OK Store របស់ខ្លួន ស្របតាមការពេញចិត្តរបស់អតិថិជនជប៉ុនលើគុណភាពគ្រាប់ស្វាយចន្ទីខ្មែរ។ ក្រៅអំពីគ្រាប់ស្វាយចន្ទី ភាគីសាជីវកម្ម OKនិងស្ថានទូត រូមជាមួយស្ថាប័នគាំទ្រពាក់ព័ន្ធនានាទាំងរដ្ឋ និងឯកជន បានឯកភាពគ្នាបន្តសហការជំរុញបង្កើនគុណភាព សោភ័ណភាពការវេចខ្ចប់ គោរពស្តង់ដាគុណភាព ធានាសុវត្ថិភាព លើផលិតផលសក្កានុពលកម្ពុជាជាច្រើនមុខថែមទៀត ដើម្បីអាចទទួលដាក់លក់នៅ OK Store និង supermarket ក្នុងប្រទេសជប៉ុន៕