កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោកស្រី Naoko UEDA ប្រធានថ្មី នៃមជ្ឈមណ្ឌលអង្គការសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច ប្រចាំក្រុងតូក្យូ (OECD Tokyo Center) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាង OECD និងអាស៊ាន ដែលបានផ្តួចផ្តើមដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០១៤ មកដល់បច្ចុប្បន្ន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងពេលកម្ពុជា ជាប្រធានអាស៊ាន។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបអំពីជោគជ័យរបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅដើមខែនេះ ក្នុងបរិបទ ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញមិនធ្លាប់មាន កន្លងមក។ បន្ថែមពីនេះ តាមការពិគ្រោះផ្លាស់ប្តូរយោបល់ លើគោលដៅរបស់ខ្លួន ជម្រុញឱ្យមានសមាជិកថ្មីច្រើនពីបណ្តាប្រទេសអាស៊ី (បច្ចុប្បន្នមានតែជប៉ុននិងកូរេខាងត្បូងប៉ុណ្ណោះជាសមាជិក) ក្នុង OECD ដែលផ្តល់អត្ថប្រយោជន៍សំខាន់ក្នុងការសម្រួលវិនិយោគ ដល់ប្រទេសជាសមាជិកOECD លោកស្រី Naoko បានយល់ស្របចំពោះការជូនយោបល់របស់ ឯកឧត្តម ឯកអគ្គរាជទូត ឱ្យលោកស្រីទៅធ្វើទស្សនកិច្ច និងជួបពិភាក្សាផ្ទាល់ជាមួយតំណាងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា៕