នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់អង្គការ UNIDO ប្រចាំទីក្រុងតូក្យូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម ប៉ក់ សម័យ សុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិព័រណ៍ “The 17th Kawasaki International Eco-Tech Fair” ដែលប្រព្រឹត្តទៅនៅទីក្រុងកាវ៉ាសាគី នៅថ្ងៃទី១៣- ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ពិព័រណ៍អន្តរជាតិនេះ មានស្តង់សរុបចំនួន ១២៣ស្តង់ និងមានប្រទេសចូលរួម ចំនួន ៨ រួមមាន ប្រទេសបារាំង ព័រទុយហ្គាល់ លុចហ្សិមបួរ ជប៉ុន កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសចិន (តៃវ៉ាន់)។ ក្រោមប្រធានបទ “Clean Technology, Green Future”ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ទំនើបកម្មនៃបច្ចេកវិទ្យាថ្មីៗ ក្នុងការអភិវឌ្ឍន៍វិស័យបរិស្ថាន វិស័យកសិកម្ម ផលិតផលកសិ-ឧស្សហកម្ម រោងចក្រផលិតកម្មកែច្នៃចំណីអាហារ និងឧស្សហកម្មដែលប្រើប្រាស់ថាមពលសូឡា និងអ៊ីដ្រូហ្សែន ជាដើម។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Norihiko FUKUDA អភិបាលក្រុងកាវ៉ាសាគី ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា និង ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាប លោកអភិបាលក្រុង អំពីបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុន ទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា លើគ្រប់វិស័យ ជាពិសេសការវិនិយោគដែលមានការប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ បន្លែផ្លែឈើ វិស័យបរិស្ថាន និងវិស័យថាមពល៕
https://www.facebook.com/cambodianembassyinjapan/posts/982671543896746