ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព​ “ពានរង្វាន់ហ្វូតសាលអូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅក្រុងអូសាកា​

ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព​ “ពានរង្វាន់ហ្វូតសាលអូសាកា” អបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅក្រុងអូសាកា​

នៅព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៤​ តបតាមការអញ្ជេីញរបស់ឯកឧត្តម​ មុិច​ ច័ន្ទមុន្នី​ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាអ្នកផ្តួចផ្តេីមរៀបចំព្រឹត្តការណ៍ប្រកួត​បាល់ទាត់​ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ អមដោយមន្រ្តី​ និងបុគ្គលិកស្ថានទូត​ បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព​ “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP)​”​ នៅក្រុងអូសាកា​ ប្រទេសជប៉ុន។ កម្មវិធីនេះ​មានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង​ ៨ក្រុម​ រួមមាន៖​ ​ទី១.​ ក្រុម CJS FC (ទីក្រុងតូក្យូ),​ ទី២. ក្រុម​ OSAKA FC (ក្រុងអូសាកា),​ ទី៣. ក្រុម​ MINATO FC (ក្រុងអូសាកា),​ ទី៤. ក្រុម​ OSAKA Shijonawate FC (ក្រុងអូសាកា),​ ទី៥.​ក្រុម​ KHMER AYASE (ខេត្តកាណាហ្គាវ៉ា),​ ទី៦. ក្រុម​ HYOGO JAPAN​ (ខេត្តហ្យូហ្គូ),​ ទី៧. ក្រុម​ GCF SAMBO FC​ (ក្រុងអូសាកា)​ និង​ ទី៨. ក្រុម​ KYOTO FC (ទីក្រុងក្យូតូ)​ ព្រមទាំងមានសហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនប្រមាណជា​ ២០០នាក់​ បានចូលរួមទស្សនាការប្រកួតកីឡានេះ​។

ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅជប៉ុនពីសំណាក់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានបង្ហាញនូវក្តីសប្បាយរីករាយ​ក្នុងការចូលរួម និងការកោតសរសេីរចំពោះឯកឧត្តម​ មុិច​ ច័ន្ទមុន្នី​ ទីប្រឹក្សាសម្តេចតេជោ​ ហ៊ុន​ សែន​ និងក្រុមការងារដែលបានផ្តួចផ្តេីមរៀបចំកម្មវិធីប្រកួតនៅថ្ងៃនេះ ដែលជាការផ្តល់ឱកាសឱ្យបងប្អូនខ្មែរ​នៅជប៉ុន បានជួបជុំគ្នាអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ​ តាមរយ:ការលេងកីឡា​ ដេីម្បីជួយពង្រឹងផ្នែកសុខភាព​ និងបង្កេីនមិត្តភាព​និងសាមគ្គីភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន។

ក្នុងឱកាសសំណេះសំណាលនោះ​ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍ​ និងសមិទ្ធផល​លេចធ្លោរមួយចំនួននាពេលថ្មីៗនេះ​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានជាអាទិ៍​៖​ (១)​ ការបន្តអភិវឌ្ឍន៍​ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងផ្លូវក្រវាត់ព្រំដែន​នៅតំបន់ភាគឦសានរបស់កម្ពុជា​ និងបានលេីកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន​ ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា,​ ២)​ ការចូលរួមកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ដែលទេីបបានបញ្ចប់នាពេលថ្មីៗនេះ​ និង(៣)​ ការចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលបានរៀបចំដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនបងប្អូនខ្មែរអំពីការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពស្រដៀងគ្នានេះ​ដើម្បី “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ”​ ដែលត្រូវបានរៀបចំឡេីងប្រកបដោយជោគជ័យដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ដោយមានក្រុមបាល់ទាត់ខ្មែរចំនួន១០ក្រុម​ និងអ្នកចូលរួមសរុបប្រមាណជា​ ២០០នាក់​ នៅទីក្រុងតូក្យូ​​ កាលពីខែសីហា​ ឆ្នាំ២០២៤។ ឯកឧត្តមឯកអគ្គរាជទូត​ ក៏បានជូនដំណឹងអំពីគម្រោងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា​ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន​ ក៏ដូចជាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ខែ្មរ​ និងបណ្តាប្រទេសសមាជិកអាស៊ាន​ នៅក្នុងឆ្នាំ២០២៥​ផងដែរ។

នៅរសៀលថ្ងៃដដែលនោះដែរ​ ឯកឧត្ដម ឯកអគ្គរាជទូត​ ក៏បានជួបសំណេះសំណាលរយះពេលខ្លីជាមួយតំណាងបងប្អូនខ្មែរដែលចូលរួមក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គី​ នៅសួន​ Hattori ryokuchi នៅក្រុងអូសាកា​។

ទន្ទឹមនេះ​ នៅល្ងាចថ្ងៃដដែលនោះដែរ​ ឯកឧត្ដម ឯកអគ្គរាជទូត​ ក៏បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គី​ជាមួយបងប្អូនខ្មែរដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់​ និងអ្នកចូលរួមទស្សនាប្រមាណជា​ ៨០នាក់​ ផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/952854896878411

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *