នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Masao Watanabe ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃ FUJISAN Chidama Festa WA ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រមូលផលស្រូវ (FUJISAN Chidama Festa WA 2024 Fujisan-Tokyo World Peace Project Rice Harvest Festival) នៅខេត្ត Yamanashi ប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីវង្សត្រកូលអតីតអធិរាជជប៉ុន Asaka-no-miya ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសចំនួន៧ រួមទាំងកម្ពុជា និងប្រជាជនមូលដ្ឋាននៅទីនោះសរុបប្រមាណជាង ១២០ នាក់។
FUJISAN Chidama Festa WA ជាព្រឹត្តការណ៍អន្តរជាតិមួយ ដែលផ្តោតលើសន្តិភាពពិភពលោក ការការពារបរិស្ថាន និងការផ្លាស់ប្តូរវប្បធម៌។ កម្មវិធីខាងលើរួមមាន ពិធីបួងសួងតាមបែបសាសនា Shinto ដើម្បីសន្តិភាពនៅទូទាំងពិភពលោក និងពិធីប្រមូលផលស្រូវ តាមរយៈការច្រូតស្រូវ និងបួងសួងសុំឱ្យសម្បូណ៌ហូរហៀរនូវកសិផល។ នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូតនិងបណ្តាអង្គទូតនានា ក៏បានសរសេរសារនៅលើដើមឈើ ដើម្បីជានិមិត្តរូបសម្រាប់ការគាំទ្រសន្តិភាពនៅទូទាំងពិភពលោក៕