នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក អៀង សេងហេង លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមកិច្ចប្រជុំ ACT លើកទី៣២២ ថ្នាក់ ឯកអគ្គរាជទូត/ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រចាំប្រទេសជប៉ុន ក្រោមភាពជាប្រធាននៃស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំប្រទេសជប៉ុន។ កិច្ចប្រជុំនេះ បានផ្តោតការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទដូចខាងក្រោម៖
˗ ការផ្លាស់ប្តូរទស្សនៈលើបញ្ហាការអភិវឌ្ឍក្នុងប្រទេសជប៉ុន និងក្នុងតំបន់ រួមទាំងការវិត្តន៍ស្ថានភាពនយោបាយ និងសង្គម ជាពិសេសទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) (បច្ចុប្បន្នជាគណៈបក្សកាន់អំណាច) នាពេលខាងមុខនេះ។
˗ បច្ចុប្បន្នភាពលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ក្រោយចប់កិច្ចប្រជុំ ACT ខាងលើ ឯកឧត្តមឯកអគ្គរាជទូត ទុយ រី រួមជាមួយឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ក៏បានអញ្ជើញចូលរួមកម្មវិធីពិភាក្សាអាហារពេលល្ងាច ដែលបានរៀបចំដោយស្ថានទូតឡាវ ដោយមានឯកឧត្តម Noriyuki Shikata អតីតលេខាធិការកិច្ចការសាធារណៈនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងឱកាសនោះផងដែរ។ ក្នុងកិច្ចពិភាក្សានេះឯកឧត្តម Noriyuki Shikata បានធ្វើបទបង្ហាញជូនឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ក្រោមប្រធានបទ “គំនិតក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន” ផងដែរ៕