ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចុះសួរសុខទុក្ខពលករជំនាញខ្មែរនៅកោះហុកកៃដូនៃប្រទេសជប៉ុន

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនចុះសួរសុខទុក្ខពលករជំនាញខ្មែរនៅកោះហុកកៃដូនៃប្រទេសជប៉ុន

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក កៅ និរោធន៍ អនុព័ន្ធការងារបានចុះសួរសុខទុក្ខពលករ ជំនាញខ្មែរដែលកំពុងបម្រើការងារនៅក្រុមហ៊ុន Hokkaido Green Partner ផ្នែកកសិកម្មដាំឆៃថាវ និងដាំផ្កាខាត់ណា(Broccoli) នៅស្រុកToyoroko នៃកោះហុកកៃដូចំនួនសរុបប្រមាណ ៣០នាក់។ ឯកឧត្ដម មានការភ្ញាក់ផ្អើល និងត្រេកអរបំផុតដែលបានឃើញផ្ទាល់នូវសកម្មភាពការងារ ទិដ្ឋភាពជាក់ស្ដែងនៅកន្លែងការងារ នៅកោះដ៏ឆ្ងាយពីទីក្រុងតូក្យូមួយនេះ ដោយថៅកែជប៉ុនបានយកចិត្តទុកដាក់មើលថែទាំដ៏កក់ក្តៅ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ក្រុមហ៊ុននេះអនុញ្ញាតឱ្យចាក់ចម្រៀងខ្មែរកំដរក្នុងពេលម៉ោងពួកគាត់កំពុងធ្វើការងារផងដែរ។

ឯកឧត្ដម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Hokkaido Green Partner ដែលបានជ្រើសរើសធនធានមនុស្សពីកម្ពុជា និងបានលើកទឹកចិត្តក្មួយៗពលករជំនាញខ្មែរដែលកំពុងតែបម្រើការងារទាំងអស់ ខិតខំក្រេបយកចំណេះជំនាញ តាំងពីពេលដាំរហូតដល់ការបញ្ចេញផលិតផលលក់លើទីផ្សារ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯងបាន ពេលវិលត្រលប់ទៅមាតុប្រទេសវិញ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Anda Takeshi អភិបាលស្រុក Toyokoro។ ឯកឧត្ដម បានថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលជួយសម្រួលដល់ម្ចាស់ក្រុមហ៊ុនខាងលើជួលផ្ទះក្នុងតម្លៃឈ្នួលទាប សម្រាប់ជួលឱ្យពលករជំនាញខ្មែរ និងចូលរួមចំណែកក្នុងកិច្ចគាំពារពលករជំនាញខ្មែរ។ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតល្មួត ជាមួយប្រទេសជប៉ុនអាចអនុញ្ញាតឱ្យធនធានមនុស្សពីកម្ពុជាមកស្នាក់នៅធ្វើការក្នុងស្រុកToyokoro។

បន្ទាប់មកឯកឧត្ដម បានជួបពិភាក្សាជាមួយលោក Tomita Hirofumi តំណាងសមាគមន៍សហករកសិកម្ម JA Shihoro ដើម្បីពិភាក្សាការងារ និងបានសួរសុខទុក្ខពលករជំនាញខ្មែរសរុបចំនួនប្រមាណ ១២នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ Hokuren ដែលជារោងចក្រកែច្នៃដំឡូងបារាំងដ៏ធំប្រចាំប្រទេសជប៉ុន។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់មើលថែទាំពលករជំនាញខ្មែរ និងសាងសង់ផ្ទះស្នាក់នៅយ៉ាងស្រស់ស្អាតមានផាសុកភាពសម្រាប់ពលករខ្មែរស្នាក់នៅ និងបានផ្តល់ឱកាសការងារដើម្បីឱ្យពួកគេបានសិក្សារៀនសូត្រ បន្ថែមក្នុងវិស័យកសិកម្មទំនើបរបស់ប្រទេសជប៉ុន។

តាមរយៈទស្សនកិច្ចការងារនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ទៅលើរដ្ឋាភិបាលជប៉ុន សមាគមជប៉ុន សហគ្រាស និង ក្រុមហ៊ុនជប៉ុនពិតជាយកចិត្តទុកដាក់ក្នុងការមើលថែទាំពលករជំនាញខ្មែរគ្រប់ទីកន្លែង។

ឯកឧត្តម ឯកអគ្គរាជទូតបានឆ្លៀតក្នុងឱកាសនោះពន្យល់ដល់ពលករជំនាញទាំងនោះបានយល់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមនៅឆ្នាំ១៩៩៩​ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា​ ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជន និងជម្រុញការអភិវឌ្ឍន៍ខេត្តទាំងបួនរបស់កម្ពុជានៅភូមិភាគឥសាន្តជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ជាពិសេសប្រែក្លាយព្រំដែននេះជាព្រំដែនមិត្តភាព សាមគ្គីភាព និងអភិវឌ្ឍ៕

https://www.facebook.com/cambodianembassyinjapan/posts/922208833276351

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *