នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរខួប ១០ឆ្នាំ របស់សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ដែលបានប្រព្រឹត្តទៅនៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អគ្គលេខាធិការសមាគម តំណាងសមាគមនិស្សិតខ្មែរនៅជប៉ុន ព្រមទាំងគណៈនាយក ប្រធានក្រុមហ៊ុន និងសមាជិកនៃសមាគម ជប៉ុន-កម្ពុជា (JCA) សរុបប្រមាណជិត ៤០នាក់។
ក្នុងពិធីអបអបរសាទរខួប១០ឆ្នាំនេះ ឯកឧត្តម TAKAHASHI បានជម្រាបអំពីសមិទ្ធផលធំៗរបស់សមាគមដូចជា ការរៀបចំគណៈប្រតិភូ វិនិយោគជប៉ុនទៅកម្ពុជា ការរៀបចំសិក្ខាសាលាវិនិយោគ ការផ្តល់ជំនួយធំៗជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយប្រមុខរដ្ឋកម្ពុជា និងថ្នាក់ដឹកនាំនានានៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ រហូតឈានដល់ការបើកការិយាល័យតំណាងសមាគម JCA នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលជានិច្ចជាកាលតែងតែគាំទ្រ សហការ និងសម្របសម្រួលរាល់ការងារពាក់ព័ន្ធ តាមសំណើររបស់សមាគម JCA និងជាពិសេសបានផ្តល់ទីកន្លែងរៀបចំ និងសហការជួយរៀបចំពិធីអបអរសាទរខួប ១០ឆ្នាំ របស់សមាគមជប៉ុន-កម្ពុជានាពេលនេះ។ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ទៀតថា សមាគម បានកំណត់គោលដៅសម្រេចឱ្យបាននូវលទ្ធផលម្តងមួយៗ ដែលជាវេទិកាសម្រាប់ភាពជាដៃគូសាធារណៈ និងឯកជន រវាងជប៉ុន និងកម្ពុជា ហើយចាប់ផ្តើមពីឆ្នាំនេះ សមាគម មានផែនការបង្ហាញ សហគ្រាសធុនតូចនិងមធ្យមជប៉ុន (SMEs) ឱ្យបានដឹងអំពីធុរកិច្ចពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនានានៅកម្ពុជា តាមរយៈរដ្ឋាភិបាលក្នុងស្រុកនៅប្រទេសជប៉ុន។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ទុយ រី បានរំលឹកអំពី៖ (១)ទំនាក់ទំនងការទូតល្អយូរអង្វែង រវាងកម្ពុជា-ជប៉ុន ដែលឈានទៅដល់កម្រិត “ភាពជាគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលបានឯកភាពគ្នាដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាឆ្នាំ២០២៣ កន្លងទៅនេះ (២) សមិទ្ធផលការងារសំខាន់របស់ស្ថានឯកអគ្គរាជទូតកម្ពុជា និងទិសដៅការងារសំខាន់ៗបន្តទៀតជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែរីកចម្រើនថែមទៀតតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ច។ ឯកឧត្តម ឯកអគ្គរាជទូត បានជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនគ្រប់វិស័យ ឱ្យធ្វើការវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនឹងគ្នាផង និងបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន (people to people relations) រវាងប្រជាជនកម្ពុជា-ជប៉ុនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ និងដោយមានមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សមាគម JCA និងសមិទ្ធផលធំៗដែលទទួលបានក្នុងរយៈពេល ១០ឆ្នាំមកនេះ និងជូនពរសមាគម JCA ឱ្យសម្រេចបាននូវលទ្ធផល ក៏ដូចជាសមិទ្ធផលថ្មីៗផ្សេងទៀតតាមការគ្រោងទុក ដែលជាប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់ប្រទេសទាំងពីរ៕
https://www.facebook.com/cambodianembassyinjapan/posts/871190968378138