កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុង«ពិធីជប់លៀងដំណាច់ឆ្នាំ២០២៤ និងការប្រកាសប្រធានថ្មីសម្រាប់ឆ្នាំ២០២៥ របស់សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន» ដែលរៀបចំឡើងដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងមានអ្នកចូលរួមសរុបប្រមាណ ៥០ នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពាំនាំនូវការសួរសុខទុក្ខដល់ក្មួយៗនិស្សិតទាំងអស់ ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានសរសើរអំពីការចូលរួមយ៉ាងសកម្មរបស់សមាគមនិស្សិតខ្មែរនៅក្នុងសកម្មភាពវប្បធម៌នានារបស់ស្ថានទូត និងបានផ្តាំផ្ញើដល់សិស្សនិស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដើម្បីទៅជួយអភិវឌ្ឍប្រទេសជាតិយើង ព្រមទាំងជួយបន្តផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អរបស់កម្ពុជាដល់មិត្តភក្តិជប៉ុន៕