នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតជូនលោកស្រី សាយ៉ូ យ៉ាម៉ាហ្គូឈី (SAYO Yamaguchi) តំណាងនាយកក្រុមហ៊ុន CANOPY SANDS DEVELOPMENT JAPAN CO., LTD. (ជាកុលសម្ព័ន្ធក្រុមហ៊ុន PRINCE HOLDING GROUP) និងលោកស្រី អ៊ីណូរី (Inori Fukui) ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម (Business Development Manager) របស់ក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីគម្រោង “Bay of Lights – New Dawn of Urban Excellence” របស់ក្រុមហ៊ុន ដែលកំពុងបើកដំណើរការ និងគ្រោងពង្រីកសេវាកម្មមួយចំនួនថែមទៀត លើផ្ទៃដីទំហំ ៩៣៤ហិកតា នៅទីក្រុងព្រះសីហនុ (ក្បែរឆ្នេររាម) ប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ លោកស្រី សាយ៉ូ បានជម្រាបជូនថា ក្រោមគម្រោង “Bay of Lights” ក្រុមហ៊ុន បានចាប់ផ្តើមរៀបចំសាងសង់តាំងពីឆ្នាំ២០១៩ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន បានបើកដំណើរការជាបណ្តើរនូវតំបន់កម្សាន្ត Summer Bay Beach Club & Cabins ដែលមានភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកម្សាន្ត និងសម្រាកលំហែយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ តាមគម្រោង ក្រុមហ៊ុន នឹងបន្តរៀបចំសាងសង់នូវអគារស្នាក់នៅ ផ្ទះវីឡា ខុនដូ សបភីងម៉ល សណ្ឋាគារ អគារពាណិជ្ជកម្ម កន្លែងលេងកីឡា កន្លែងវាយកូលហ្គោល និងសេវាកម្មផ្សេងទៀត ដែលគ្រោងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០៤៤។ លោកស្រី បានបញ្ជាក់ថា ក្រុមហ៊ុន កំពុងតែស្វែងរក និងជំរុញក្រុមហ៊ុនវិនិយោគជប៉ុនធំៗផ្សេងទៀត ចូលរួមវិនិយោគរួមគ្នាក្នុងគម្រោងនេះ។ ក្នុងន័យនេះ លោកស្រី បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយតាមរយៈការរៀបចំសិក្ខាសាលា និងណែនាំជំរុញដល់ក្រុមហ៊ុនជប៉ុនធំផ្សេងៗទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយស្ថានទូត ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមក្នុងគម្រោងវិនិយោគដ៏ធំនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏មានសារៈសំខាន់បំផុតនេះ ដោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា គម្រោងនេះ នឹងលើកមុខមាត់កម្ពុជាថែមទៀត ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគិនបរទេស មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។ ឯកឧត្តម ក៏បានសម្ដែងនូវក្តីរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុន CANOPY SANDS DEVELOPMENT JAPAN ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក៏ដូចជាណែនាំជំរុញក្រុមហ៊ុនជប៉ុនធំៗផ្សេងទៀតចូលរួមវិនិយោគរួមគ្នា និងគាំទ្រផ្តល់នូវកិច្ចសម្របសម្រួលផ្សេងៗតាមសំណើរបស់ក្រុមហ៊ុនដើម្បីឱ្យគម្រោងវិនិយោគនេះ អាចបញ្ចប់បានទាំងស្រុងដោយជោគជ័យ តាមការគ្រោងទុក៕
https://www.facebook.com/cambodianembassyinjapan/posts/989319839898583