ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា

ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា

នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងភ្ញៀវជប៉ុន ប្រមាណជា ២០០នាក់ នៅស្ថានឯកអគ្គរាជទូត។ កម្មវិធីសំខាន់ៗ មានជាអាទិ៍ ការបញ្ចាំងវីដេអូស្តីពី កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជបូនីយកិច្ចកសាងជាតិដ៏ឧត្តុងឧត្តមរបស់ អង្គព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ការសម្តែងរបាំជូនពរ និងរបាំទិវាប្រពៃ ការរាំកម្សាន្តតាមបែបប្រពៃណីខ្មែរ ការអកអំបុក និងការពិសារអាហារួមគ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងបានគូសបញ្ជាក់ថា កម្មវិធីនៅនេះ បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានជួបសំណេះសំណាលគ្នានិងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាពបន្ថែមទៀត ក្នុងនាមជាគ្រួសារខ្មែរតែមួយទោះបីនៅក្រៅប្រទេសក្តី។

ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាដែលមិនអាចបំភ្លេចបានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលបានរំដោះប្រទេសកម្ពុជាទាំងស្រុងចេញពីអាណានិគមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ដែលជាគ្រឹះដ៏រឹងមាំនាំឱ្យមកនូវសិទ្ធិសេរីភាព សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូតក៏បានរំលឹកឡើងវិញពីអតីតកាលរបស់ប្រទេសកម្ពុជា រួមមាន ១) ការទទួលបានសន្តិភាពតែក្នុងរយៈពេល ១៧ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៥៣ ដល់ ១៩៧០, ២) ការបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត, ៣) ថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានៃការបញ្ចប់របបប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង៤) ការដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ នូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីការសម្រេចបាននូវសមិទ្ធផលលេចធោ្លជាច្រើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន ១) ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ២) ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៣) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដំណាក់កាលទី១ (២០២៣-២០២៨)។ ម្យ៉ាងវិញទៀត ឯកឧត្តម ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៧១ឆ្នាំកន្លងមក និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ ប្រទេសទាំងពីរ។

នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យបានផុសផុលដើម្បីឱ្យអ្នកទេសចរបរទេសក្នុងពិភពលោក កាន់តែស្គាល់ច្បាស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ៕

https://www.facebook.com/cambodianembassyinjapan/posts/980449204118980

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *