នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជេីញរបស់ឯកឧត្តម មុិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកផ្តួចផ្តេីមរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់មិត្តភាព “ពានរង្វាន់ហ្វូតសាលអូសាកា (OSAKA FUTSAL CUP)” នៅក្រុងអូសាកា ប្រទេសជប៉ុន។ កម្មវិធីនេះមានការចូលរួមពីក្រុមបាល់ទាត់ខ្មែរទាំង ៨ក្រុម រួមមាន៖ ទី១. ក្រុម CJS FC (ទីក្រុងតូក្យូ), ទី២. ក្រុម OSAKA FC (ក្រុងអូសាកា), ទី៣. ក្រុម MINATO FC (ក្រុងអូសាកា), ទី៤. ក្រុម OSAKA Shijonawate FC (ក្រុងអូសាកា), ទី៥.ក្រុម KHMER AYASE (ខេត្តកាណាហ្គាវ៉ា), ទី៦. ក្រុម HYOGO JAPAN (ខេត្តហ្យូហ្គូ), ទី៧. ក្រុម GCF SAMBO FC (ក្រុងអូសាកា) និង ទី៨. ក្រុម KYOTO FC (ទីក្រុងក្យូតូ) ព្រមទាំងមានសហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនប្រមាណជា ២០០នាក់ បានចូលរួមទស្សនាការប្រកួតកីឡានេះ។
ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅជប៉ុនពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានបង្ហាញនូវក្តីសប្បាយរីករាយក្នុងការចូលរួម និងការកោតសរសេីរចំពោះឯកឧត្តម មុិច ច័ន្ទមុន្នី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារដែលបានផ្តួចផ្តេីមរៀបចំកម្មវិធីប្រកួតនៅថ្ងៃនេះ ដែលជាការផ្តល់ឱកាសឱ្យបងប្អូនខ្មែរនៅជប៉ុន បានជួបជុំគ្នាអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ តាមរយ:ការលេងកីឡា ដេីម្បីជួយពង្រឹងផ្នែកសុខភាព និងបង្កេីនមិត្តភាពនិងសាមគ្គីភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការអភិវឌ្ឍ និងសមិទ្ធផលលេចធ្លោរមួយចំនួននាពេលថ្មីៗនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានជាអាទិ៍៖ (១) ការបន្តអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងផ្លូវក្រវាត់ព្រំដែននៅតំបន់ភាគឦសានរបស់កម្ពុជា និងបានលេីកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា, ២) ការចូលរួមកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលទេីបបានបញ្ចប់នាពេលថ្មីៗនេះ និង(៣) ការចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលបានរៀបចំដោយក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally ។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនបងប្អូនខ្មែរអំពីការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពស្រដៀងគ្នានេះដើម្បី “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានរៀបចំឡេីងប្រកបដោយជោគជ័យដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានក្រុមបាល់ទាត់ខ្មែរចំនួន១០ក្រុម និងអ្នកចូលរួមសរុបប្រមាណជា ២០០នាក់ នៅទីក្រុងតូក្យូ កាលពីខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនដំណឹងអំពីគម្រោងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្នុងចំណោមបងប្អូនខ្មែរនៅជប៉ុន ក៏ដូចជាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ខែ្មរ និងបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២៥ផងដែរ។
នៅរសៀលថ្ងៃដដែលនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាលរយះពេលខ្លីជាមួយតំណាងបងប្អូនខ្មែរដែលចូលរួមក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គី នៅសួន Hattori ryokuchi នៅក្រុងអូសាកា។
ទន្ទឹមនេះ នៅល្ងាចថ្ងៃដដែលនោះដែរ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានចូលរួមជាអធិបតីក្នុងកម្មវិធីជួបជុំពិសារអាហាសាមគ្គីជាមួយបងប្អូនខ្មែរដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ និងអ្នកចូលរួមទស្សនាប្រមាណជា ៨០នាក់ ផងដែរ៕
https://www.facebook.com/cambodianembassyinjapan/posts/952854896878411