ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) ឆ្នាំសិក្សា២០២២-២០២៤ ថ្នាក់អនុបណ្ឌិតចំនួន ២៤ រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជា មុននឹងវិលត្រលប់ទៅមាតុប្រទេសវិញ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន JDS ឆ្នាំសិក្សា២០២២-២០២៤ ថ្នាក់អនុបណ្ឌិតចំនួន ២៤រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចូលជួបសម្តែងការគួរសមនៅស្ថានឯកអគ្គរាជទូតកម្ពុជា មុននឹងវិលត្រលប់ទៅមាតុប្រទេសវិញ។
ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមអបអរសាទរនិងកោតសរសើរចំពោះនិស្សិតទាំងអស់ ដែលបានតស៊ូខិតខំព្យាយាមសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។ ឯកឧត្តមឯកអគ្គរាជទូត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យយកចំណេះដឹងទាំងនោះទៅអនុវត្តនៅតាមក្រសួង-ស្ថាប័ននិងមុខជំនាញរៀងៗខ្លួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិយើង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕