នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ដែលនៅក្នុងនោះ ស្នាដៃគំនូររបស់សិល្បៈករកម្ពុជាចំនួន ២រូប ដែលមានឈ្មោះ Chhoeun Channy និងឈ្មោះ Nou Sary ត្រូវបានជ្រើសរើសមកដាក់តាំងបង្ហាញនៅក្នុងកម្មវិធី SHINSEISAKU Art Exhibition នៅទីក្រុងតូក្យូ ផងដែរ ប៉ុន្តែម្ចាស់គំនូរកម្ពុជាទាំងពីររូបនេះ ពុំបានចូលរួមផ្ទាល់ក្នុងការតាំងពិព័រណ៌នោះទេ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងកោតសរសើរស្នាដៃគំនូររបស់សិល្បៈករខ្មែរទាំងពីររូប ក៏ដូចជាសិល្បៈករខ្មែរដទៃទៀត ដែលបានចូលរួមជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិ៕