ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺជាមួយបងប្អូនខ្មែរប្រមាណជា​ ១០០០នាក់​ នៅខេត្តហ្គីហ្វឺ​ ប្រទេសជប៉ុន

ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺជាមួយបងប្អូនខ្មែរប្រមាណជា​ ១០០០នាក់​ នៅខេត្តហ្គីហ្វឺ​ ប្រទេសជប៉ុន

កាលពីព្រឹកថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុន​ អមដោយមន្រ្តី​ និងបុគ្គលិកស្ថានទូត​ បានអញ្ជេីញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺដែលរៀបចំដោយសហគមន៍ខ្មែរខេត្តហ្គីហ្វឺ​ និងបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន​ និងសប្បុរសជននានា​។ ព្រិត្តិការ​ណ៍នេះ មានការចូលរួមពីបងប្អូនខ្មែរដែលកំពុងរស់នៅ​ ធ្វេីការ​ និងសិក្សានៅខេត្តហ្គីហ្វឺ​ និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា​ ១០០០នាក់។

កម្មវិធីសំខាន់ៗមានជាអាទិ៍​ ការរាប់បាត​និងប្រគេនចង្ហាន់​ដល់ព្រះសង្ឃ​ ព្រមទាំងបង្សុកូល​ឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន។ ក្នុងកម្មវិធីនោះក៏មានការទទួលទានអាហារសាមគ្គី​ ការប្រគុំតន្ត្រី​ និងការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ​ ផងដែរ។

ក្នុងឱកាសនោះ​ ឯកឧត្តមឯកអគ្គរាជទូតបានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុនពីសំណាក់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដោយឃេីញវត្តមានរបស់បងប្អូនខ្មែរចូលរួមដ៏ច្រេីនកុះករ​ និងលេីកឡេីងថា​ ការជួបជុំគ្នាថ្ងៃនេះបានបង្ហាញនូវស្មារតីសាមគ្គីភាពដ៏ល្អ និងការស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅជប៉ុន ក្នុងគោលដៅរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យបរទេសបានដឹងអំពីពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណី ទំនៀមទំលាប់របស់ខ្មែរដ៏ផូរផង់របស់ជាតិ។

ទន្ទឹមនោះដែរ​ ឯកឧត្តមឯកអគ្គរាជទូតក៏បានលេីកឡេីងពីសមិទ្ធផលលេចធ្លោរ​ជាច្រេីន ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១ឆ្នាំកន្លងមក​ រួមទាំង​(១)ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាមរតកដ៏មហាសាលជាប្រវត្តិសាស្ត្រក្រោយព្រែកជីកនេះត្រូវបានសាងសង់រួច​ បានទទួលការចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេងពីសំណាក់បងប្អូនខ្មែរទាំងក្នុង​ និងក្រៅប្រទេស​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥​ ខែសីហា ឆ្នាំ២០២៤​ និង(២)​ ការចូលរួមរបស់បងប្អូនខ្មែរ​ទាំងក្នុង​ និងក្រៅប្រទេសដ៏ច្រេីនលេីលលុប​ រូមទាំងបងប្អូនខ្មែរនៅជប៉ុន​ ក្នុងការបរិច្ចាគដោយស្ម័គ្រចិត្តក្នុង​ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”​ ដែលបានប្រកាសដោយសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុូការពារ និងអភិវឌ្ឍជាតិ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី។​ ជាងនេះទៀត​ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ថា​ តបតាមសំណូមពររបស់បងប្អូននៅជប៉ុនដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិខាងលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានបង្កើតគណនីធនាគារក្នុងប្រទេសជប៉ុនសម្រាប់ទទួលវិភាគទាន​ ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម​ (CLV-DTA)​ ឯកឧត្តមឯកអគ្គរាជទូតបានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ​ និងបូរណភាពទឹកដី​ តាមរយះការពន្យល់ជាច្រេីនដង និងយ៉ាងក្បោះក្បាយដោយសម្តេចតេជោ​ ហ៊ុន​ សែន​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលេីកឡេីងថា​ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្រេចឱ្យក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើម ពីថ្ងៃទី៧ កញ្ញាមក។ មកទល់ពេលនេះ​ មានអ្នកចូលរួមក្នុងដំណេីរទស្សនកិច្ចសរុបប្រមាណជា​ ៤០០នាក់ហេីយ។

នៅចុងបញ្ចប់​ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា​ ស្ថានឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសជប៉ុនត្រៀមលក្ខណ:រួចជាស្រេចក្នុងការសហការ​ និងជួយសម្រួលបញ្ហានានា​ និងសំណូមពរផ្សេងៗ​ របស់បងប្អូនខ្មែរនៅជប៉ុន​ រួមទាំង​ ការបាត់លិខិតឆ្លងដែន​ ជាដេីម៕

https://www.facebook.com/cambodianembassyinjapan/posts/935985508565350

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *