ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់អាហារូបករណ៍ JDS ដល់និស្សិតជាមន្ត្រីរាជការកម្ពុជាចំនួន ២៥រូប បន្តការសិក្សានៅតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់អាហារូបករណ៍ JDS ដល់និស្សិតជាមន្ត្រីរាជការកម្ពុជាចំនួន ២៥រូប បន្តការសិក្សានៅតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) ចំនួន ២៥រូប ដែលក្នុងនោះ បន្តការសិក្សាថ្នាក់បណ្ឌិតចំនួន ២រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៣រូប នៅក្នុងប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជា។ និស្សិតអាហារូបករណ៍ JDS ខាងលើនេះ មកពីក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជាចំនួន ១៥ រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារជាតិកម្ពុជា អគ្គិសនីកម្ពុជា និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ដែលបានរៀបចំកម្មវិធី JDS ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងកម្ពុជាពីក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត តាមមុខជំនាញផ្សេងៗតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូតបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានណែនាំនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សមានចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ឱ្យគោរពវិន័យសាលា និងច្បាប់នានាក្នុងប្រទេសជប៉ុនឱ្យបានខ្ជាប់ខ្ជួន ចេះជួយគ្នាទៅវិញទៅមក និងមានសាមគ្គីភាព។

ឯកឧត្តមឯកអគ្គរាជទូត បានលើកទឺកចិត្តដល់និស្សិតទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរដ៏ល្អផូរផង់ អត្តសញ្ញាណជាតិខ្មែរ ព្រមទាំងវិស័យទេសចរណ៍ ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មិត្តជប៉ុន និងមិត្តបរទេសនានា ដើម្បីទាក់ទាញឱ្យពួកគាត់បានស្គាល់ និងមានបំណងចង់ទៅទស្សនាប្រទេសកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជូតក៏បានស្នើនិស្សិតទាំងអស់ឱ្យគាំទ្រ និងជួយផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា សារសំខាន់នៃព្រែកជីកហ្វូណនតេជោ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហាកន្លងមក សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួមទាំងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន៕

https://www.facebook.com/cambodianembassyinjapan/posts/923038469860054

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *