នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីរំលឹកសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima Peace Memorial Ceremony) ដែលប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្រោមអធិបតីភាព ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ចំនួន ១០៩ប្រទេស។
ពិធីរំលឹកសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា ឆ្នាំ២០២៤ គឺជាខួបលើកទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ដែលបានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត សរុបប្រមាណ ១៤០,០០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះព្រលឹងជនរងគ្រោះដោយសារគ្រាប់បែកបរមាណូ និងចូលរួមរំលែកទុក្ខយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកដែលនៅបន្តរងទុក្ខសូម្បីតែនាពេលនេះពីផលប៉ះពាល់នៃគ្រាប់បែកបរមាណូ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សោកនាដកម្មនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ មិនត្រូវកើតឡើងម្តងទៀតឡើយ។ ក្នុងនាមជាប្រទេសតែមួយគត់ ដែលបានជួបប្រទះនឹងភាពភ័យរន្ធត់ នៃការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែរនៅក្នុងសង្រ្គាម ប្រទេសជប៉ុន នឹងបន្តខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ក្នុងការនាំយក“ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ” ខណៈពេលដែលបន្តប្រកាន់ខ្ជាប់នូវ “គោលការណ៍បី ស្តីពីការមិនមាននុយក្លេអ៊ែរ”។ ជាមួយនឹងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលឥឡូវនេះបានអភិវឌ្ឍទៅជា ទីក្រុងអន្តរជាតិ នៃសន្តិភាព និងវប្បធម៌ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសន្យាជាថ្មីម្តងទៀតថា «ប្រទេសជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ និងដើម្បីសម្រេចបាននូវសន្តិភាពដែលគ្មានទីបញ្ចប់»។
គួររំលឹកដែរថា ក្រោយការវាយប្រហារគ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា បានបីថ្ងៃនោះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូអាមេរិកទី២ ក៏ត្រូវបានទម្លាក់ទៅលើទីក្រុងណាហ្គាសាគី របស់ជប៉ុនថែមទៀត ហើយជាលទ្ធផល បានបង្កឱ្យមនុស្សស្លាប់សរុបប្រមាណ ៧៤,០០០នាក់។ គ្រាប់បែកបរមាណូទាំង ២គ្រាប់ បាននាំទៅដល់ការបិទបញ្ចប់ទាំងស្រុង នៃសង្រ្គាមលោកលើកទី២ ហើយមកទល់សព្វថ្ងៃនេះ ជប៉ុនបន្តជាប្រទេសតែមួយគត់ ដែលធ្លាប់រងការវាយប្រហារដោយនុយក្លេអ៊ែរ អំឡុងពេលសង្រ្គាម។
https://www.facebook.com/cambodianembassyinjapan/posts/907834144713820