នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក WAKABAYASHI Kohei អនុប្រធាននាយកដ្ឋានផែនការ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលត្រូវបានតែងតាំងជា ប្រធានតំណាងថ្មី នៃអង្គការ JETRO ប្រចាំនៅទីក្រុងភ្នំពេញ ចូលជួបសម្តែងការគួរសម មុនចេញទៅបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា នាខែសីហាខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរដល់លោក WAKABAYASHI Kohei ដែលត្រូវបានតែងតាំងក្នុងមុខដំណែងថ្មី និងបានលើកទឹកចិត្តឱ្យលោកបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងថែមទៀតរវាងកម្ពុជានិងជប៉ុន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ តាមរយៈសកម្មភាពរៀបចំសិក្ខាសាលាវិនិយោគ ពិព័រណ៍ពាណិជ្ជកម្ម កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម និងការផ្តល់នូវអាហារូបករណ៍វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដល់មន្រ្តីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងពង្រីកជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការនាំចេញ-នាំចូលផលិតផលទៅមករវាងកម្ពុជានិងជប៉ុន។
https://www.facebook.com/cambodianembassyinjapan/posts/903573318473236