អបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

អបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA)

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងអបអរសាទរខួប ១០ឆ្នាំ របស់​សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ដែលបានប្រព្រឹត្តទៅនៅ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពី ឯកឧត្តម ​Takahashi Fumiaki ប្រធានសមាគម​ជប៉ុន-កម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អគ្គលេខា​ធិការសមាគម តំណាងសមាគមនិស្សិតខ្មែរនៅជប៉ុន ព្រមទាំងគណៈនាយក ប្រធាន​ក្រុមហ៊ុន និងសមាជិកនៃសមាគម ជប៉ុន-កម្ពុជា (JCA) សរុបប្រមាណជិត ៤០នាក់។

ក្នុងពិធីអបអបរសាទរខួប១០ឆ្នាំនេះ ឯកឧត្តម TAKAHASHI បានជម្រាបអំពីសមិទ្ធផលធំៗ​របស់សមាគមដូចជា ការរៀបចំគណៈប្រតិភូ វិនិយោគជប៉ុនទៅកម្ពុជា ការរៀបចំសិក្ខា​សាលាវិនិយោគ ការផ្តល់ជំនួយធំៗជូនដល់​​​រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលនៃជំនួប​ពិភាក្សា​ការងារជាមួយប្រមុខរដ្ឋកម្ពុជា និងថ្នាក់​ដឹកនាំនានានៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ រហូតឈានដល់ការបើកការិយាល័យតំណាងសមាគម JCA នៅកម្ពុជា កាលពីខែមេសា ឆ្នាំ​២០២៤​ ​កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​សមាគម បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន ដែលជានិច្ចជាកាលតែង​តែគាំទ្រ សហការ និងសម្របសម្រួលរាល់ការ​ងារ​ពាក់ព័ន្ធ តាមសំណើររបស់សមាគម JCA និងជាពិសេសបានផ្តល់ទីកន្លែងរៀបចំ និងសហការជួយរៀបចំពិធីអបអរសាទរខួប ១០ឆ្នាំ របស់សមាគមជប៉ុន-កម្ពុជានា​ពេលនេះ។ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ទៀតថា សមាគម បានកំណត់​គោលដៅ​សម្រេចឱ្យបាននូវលទ្ធផលម្តងមួយៗ ដែលជាវេទិកាសម្រាប់ភាពជាដៃគូសាធារណៈ និងឯកជន រវាងជប៉ុន និងកម្ពុជា ហើយចាប់​ផ្តើមពីឆ្នាំនេះ សមាគម មានផែនការបង្ហាញ សហគ្រាសធុនតូចនិងមធ្យមជប៉ុន (SMEs) ឱ្យបានដឹងអំពីធុរកិច្ចពាណិជ្ជកម្ម និងកាលា​នុវត្តភាពវិនិយោគនានានៅកម្ពុជា តាមរយៈរដ្ឋាភិបាលក្នុងស្រុកនៅប្រទេសជប៉ុន។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ទុយ រី បានរំលឹកអំពី៖ (១)ទំនាក់ទំនងការទូតល្អ​យូរអង្វែង រវាងកម្ពុជា-ជប៉ុន ដែលឈាន​ទៅដល់កម្រិត “ភាពជាគូយុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ” ដែលបានឯកភាពគ្នាដោយ​ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាឆ្នាំ២០២៣ កន្លងទៅនេះ (២) សមិទ្ធផល​ការងារ​សំខាន់របស់ស្ថានឯកអគ្គរាជទូតកម្ពុជា និងទិសដៅការងារសំខាន់ៗបន្តទៀតជាមួយ​រដ្ឋាភិបាលជប៉ុន ដើម្បីបន្តជំរុញកិច្ចសហប្រតិ​បត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ជាពិសេស​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែរីកចម្រើន​ថែមទៀតតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ច។ ឯកឧត្តម ឯកអគ្គរាជទូត បានជំរុញ និងលើក​ទឹកចិត្តដល់អ្នកវិនិយោគជប៉ុនគ្រប់វិស័យ ឱ្យធ្វើ​ការវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង​ថែមទៀត ដើម្បីឆ្លុះបញ្ចាំងអំពីភាព​ជាដៃ​គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនឹងគ្នាផង និងបង្កើនទំនាក់ទំនងប្រជាជន និងប្រជាជន (people to people relations) រវាងប្រជាជនកម្ពុជា-ជប៉ុនផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ និងដោយមាន​មោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សមាគម JCA និងសមិទ្ធផលធំៗ​ដែលទទួលបានក្នុង​រយៈពេល ១០ឆ្នាំមកនេះ និងជូនពរសមាគម JCA ឱ្យសម្រេចបាននូវលទ្ធផល ក៏ដូចជាសមិទ្ធ​ផលថ្មីៗផ្សេងទៀតតាមការគ្រោងទុក ដែលជា​ប្រយោជន៍​ដ៏សំខាន់បំផុតសម្រាប់ប្រទេស​ទាំងពីរ៕

https://www.facebook.com/cambodianembassyinjapan/posts/871190968378138

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *