ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំ លើកទី៨ ឆ្នាំ២០២៤ (The 8th Cambodia Festival 2024)រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ។
អញ្ជើញជាអធិបតីភាពក្នុងពិធីបើករួមមាន ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំងតំណាងក្រសួងទេសចរណ៍កម្ពុជា និងតំណាងសហគមន៍ខ្មែរនៅជប៉ុន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត នៃបណ្ដាប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម Imamura និងឯកឧត្តម Hosoka បានរំលឹកឡើងពីខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានដំឡើងកម្រិតទំនាក់ទំនងនេះទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ ឯកឧត្តម លឹម ឡោកពិសិដ្ឋ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពសេដ្ឋកិច្ចបច្ចុប្បន្ននៅកម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត។
ក្នុងព្រិត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួន ៩០ បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ មុខម្ហូបរបស់ខ្មែរ និងស្តង់អង្គការ សមាគមសប្បុរសធម៌ដែលពាក់ព័ន្ធនឹងកម្ពុជា ព្រមទាំងមានសម្ដែងនូវរបាំបុរាណខ្មែរ សម្ដែងដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ និងក្រុមរបាំសម្តែងដោយកុមារាកុមារីខ្មែរនៅជប៉ុន ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរសម្តែងដោយក្រុមសមាគមនិស្សិតខ្មែរប្រចាំប្រទេសជប៉ុន ព្រមទាំងមានការសម្តែងក្បាច់គុនខ្មែរ និងសិល្បៈកម្សាន្តបុរាណ-សម័យ ប្រកបដោយការទាក់ទាញ និងអបអរពីសំណាក់អ្នកចូលរួមទស្សនា រួមមាន ទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទុយ រី មានប្រសាសន៍ថា ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ បុរាណសម័យ ការផ្សព្វផ្សាយពីទេសចរណ៍ ការតាំងបង្ហាញផលិតផលខ្មែរព្រមទាំងបង្ហាញមុខម្ហូបខ្មែរជូនមិត្តជប៉ុន និងមិត្តបរទេសផ្សេងទៀតបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ក៏ដូចជាកាទាក់ទាញ់ពួកគាត់អញ្ជើញទៅទស្សនាប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២១-២០២៣ កាលពីដើមឆ្នាំ២០២១ និងបន្តសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្ដូរវប្បធម៌ និងកីឡា។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំកំពូលទាំងពីរប្រទេស បានឯកភាពដំឡើងកម្រិតទំនាក់ទំនង នៃប្រទេសទាំង២ ទៅជា «ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដើមឆ្នាំ២០២៣ ដែលជាឆ្នាំដ៏អស្ចារ្យ ដោយប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃការបង្កើតចំណងការទូតរបស់ខ្លួន។
សូមអនុញ្ញាតគូសបញ្ជាក់ផងដែរថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀចំកម្មវិធីព្រិត្តិការណ៍ពិពរ័ណ៌កម្ពុជាលើកទី៨ ឆ្នាំ២០២៤ នេះ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ អន្តរជាតិចំរុះជាតិសាសន៍ ចូលរួមប្រមាណ៨០០០០នាក់ ដែលទាំងអស់នេះគឺជាការផ្សារភ្ជាប់ប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាការចែករំលែកវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក ជាផ្នែកមួយដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ វិស័យពាណិជ្ជកម្មអន្តរជាតិ និងជំរុញវិនិយោគិនពីបរទេសទៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យទេសចរណ៍ទៅកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត៕
https://www.facebook.com/media/set/?set=a.842564637907438&type=3