ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki

ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki

នៅថ្ងៃអាទិត្យទី១៦ ខែមេសា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ទុយ​ រី​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន​ អមដោយសហការី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅទីក្រុង Yuki ខេត្ត Ibaraki ដែលរៀបចំដោយសមាគមរាជសីហ៍ ដោយមានវត្តមាន លោក Kobayashi Sakae អភិបាលក្រុង Yuki និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជាភ្ញៀវកិត្តិយស ព្រមទាំងមានការចូលរួមដ៏ច្រើនកុះករពីសំណាក់បងប្អូនខ្មែរ សិស្ស និស្សិត និងពលករខ្មែរ សរុបប្រមាណជាង ២០០០នាក់ និងមានការរាំលេងកម្សាន្ត ការប្រគំតន្ត្រី និងការលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយ និង ស្និទ្ធស្នាល។

ក្នុងឱកាសនោះ​ ឯកឧត្តមឯកអគ្គរាជទូត​ បានជួបសំណេះសំណាល ផ្តល់ជាអនុសាសន៍ល្អៗ ដល់ពលរដ្ឋ សិស្ស និស្សិត កម្មសិក្សាការី ពលករ ពលការនីខ្មែរ ​ និងបានជម្រាបជូនអំពីការរៀបចំសង្ក្រាន្តទាំងនៅទីក្រុង និងខេត្តនានា ក៏ដូចជាតាមស្រុក ឃុំ ភូមិ ទូទាំងប្រទេស ដែលមានបងប្អូនខ្មែរនិងភ្ញៀវអន្តរជាតិចូលរួមសប្បាយរីករាយក្រៃលែង ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំថោះនេះ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានសង្កត់ធ្ងន់ថា ការរៀបចំសង្ក្រាន្ត និងការចូលរួមដ៏ច្រើនកុះករនេះ កើតឡើងដោយសារប្រទេសកម្ពុជាយើងមានសន្តិភាព ពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្នក្រោមគោលនយោបាយឈ្នះ ឈ្នះ ផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន។ ឯកឧត្តមឯកអគ្គរាជទូត បានរំលេចផងដែរអំពីភាពរីកចម្រើនលូតលាស់ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មានស្ពានវែងៗ ឆ្លងកាត់ ទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្ក ផ្លូវហាយវេ ថ្នល់ចាក់បេតុងនិងក្រាលកៅស៊ូ ជាច្រើន វិស័យឧស្សាហកម្ម សំណង់អគារខ្ពស់ៗ ។ល។ និងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពុះពារគ្រប់ឧបសគ្គ បំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន។

ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់អភិបាលក្រុង Yuki នៃខេត្ត Ibaraki ដែលបានអញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តខ្មែរ ដែលឆ្នាំនេះត្រូវជាខួបទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន៕

https://www.facebook.com/cambodianembassyinjapan/posts/pfbid02SWH7TiSD7jS7fWYn4FXbqSYK1nYxgXjR15HSEBeKBdpsE4hJ85ksDxVjBNeQbXQ6l

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *